
លោក កែវ រ៉េមី៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងបន្តបញ្ជ្រាបចំណេះដឹងផ្នែកសិទ្ធិមនុស្សទៅមន្ត្រីថ្នាក់ស្រុក
ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានបញ្ជាក់ថា ភារកិច្ចដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះបន្តអនុវត្តទៀតនោះគឺការបញ្ជ្រាបការអប់រំអំពីសិទ្ធិមនុស្សទៅមន្ត្រី និងអាជ្ញាធរនៅថ្នាក់ស្រុក ខណៈកន្លងមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្រា្ជបការអប់រំអំពីសិទ្ធិមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។
លោកបានថ្លែងឱ្យដឹងបែបនេះនៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានបន្ទាប់ពីជួបពិភាក្សាជាមួយ អ្នកតំណាងថ្មីរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) លោកស្រី ROUEIDA EL HAGE នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
លោកបានថ្លែងថា៖ «កាលណាប្រទេសមួយដែលយើងការពារផលប្រយោជន៍ ការពារសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងប្រទេសហ្នឹងបាន ទាំងផ្លូវច្បាប់ ទាំងការអនុវត្តការយល់ដឹងរបស់មន្ត្រីថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិបន្តមក វានាំមកកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ ហើយជាការរក្សាតម្លៃមួយធំណាស់»។
លោក កែវ រ៉េមី បានគូសបញ្ជាក់ថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកន្លងមកបានយកចិត្តទុកដាក់ពិនិត្យលើពាក្យបណ្តឹងពាក់ព័ន្ធសិទ្ធិមនុស្ស សេរីភាពការរស់នៅរបស់ទណ្ឌិតនៅក្នុងពន្ធនាគារ ពិនិត្យគិតគូរការរៀនសូត្ររបស់កុមារដែលមករស់នៅក្នុងពន្ធនាគារជាមួយម្តាយដែលជាប់ទោសលើបទល្មើសផ្សេងៗ ហើយនៅអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងបន្តបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិមនុស្សទៅមន្ត្រីយុត្តិធម៌ ប៉ូលិស នគរបាល នៅថ្នាក់ស្រុក។ ទន្ទឹមនេះនឹងធ្វើការកែសម្រួលកម្មវិធីឌីជីដលសម្រាប់ទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដើម្បីឱ្យទាន់សម័យ។
លោក កែវ រ៉េមី បន្តថា ពាក់ព័ន្ធនឹងការដាក់ប្រអប់សម្រាប់ទទួលពាក្យបណ្តឹងក្នុងពន្ធនាគារ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបានពាក្យបណ្តឹងជាច្រើន ហើយក៏បានដោះស្រាយរួចផងដែរ ខណៈបច្ចុប្បន្នកំពុងដំណើរការកម្មវិធីអេឡិកត្រូនិករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC APP) សម្រាប់ទទួលពាក្យបណ្តឹងផ្សេងៗ។
លោកបញ្ជាក់ទៀតថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគឺធ្វើការជាមួយអន្តរវិស័យ និងអន្តរក្រសួង ហើយមិនមែនធ្វើការតែក្នុងប្រទេសជាតិរបស់ខ្លួននោះទេ ពោលមិនមែនគ្រាន់តែជាការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ការរស់នៅសេចក្តីថ្លៃថ្លូរ និងការការពារមនុស្សទន់ខ្សោយនោះទេ គឺការជះឥទ្ធិពលទៅឆាកអន្តរជាតិ។
លោក កែវ រ៉េមី បានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានពាំនាំសមិទ្ធផលជាច្រើន នាំកិត្តិយសដល់គ្រប់វិស័យ សង្គមកិច្ច វប្បធម៌ នយោបាយប្រជាធិបតេយ្យ ខណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានឹងបន្តសហការជាមួយដៃគូពាក់ព័ន្ធ OHCHR ដែលមានការិយាល័យតំណាងកម្ពុជាទទួលសិទ្ធិមនុស្ស ស្ថានទូតផ្សេងៗដែលធ្វើការខាងសិទ្ធិមនុស្ស គឺស្ថានទូតស៊ុយអែត ជប៉ុន ហ្សិកដានីក អូស្ត្រាលី និងសហភាពអឺរ៉ុប៕