កម្ពុជា និង សហភាពអឺរ៉ុបនឹងពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យអប់រំ សុខាភិបាល និង វិស័យមុខងារសាធារណៈ
ភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជា និងសហភាពអឺរ៉ុប ប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង សហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស វិស័យសុខាភិបាល និងវិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ និងចាំបាច់ក្នុងការចូលរួមកសាងនូវស័ក្ដិសិទ្ធភាព និង ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាឱ្យដឹងបែបនេះក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកឡើងអំពីនិរន្តរភាពនៃគោលនយោបាយនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និង យុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល, ហើយសម្រាប់អាណត្តិនេះ ឆ្ពោះទៅមុខ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន និងការកែទម្រង់វិស័យមុខងារសាធារណៈ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានស្នើឱ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប និង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទររបស់លោកស្រី ក៏ដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប។
ជាមួយគ្នានេះ លោកស្រីម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងបានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាមរយៈ ការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ការដាក់ចេញនូវកម្មវិធីជំនួយសង្គម ដ៏មានប្រសិទ្ធភាព និង ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយមោទនភាព។
លោកស្រីក៏បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ភ្ជាប់ជាមួយនឹងការជម្រាបលា លោកស្រីអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានគោរពជម្រាបជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថាលោកជំទាវនឹងបន្តបេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា និងពាំនាំនូវកិច្ចដំណើរបង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជា ដើម្បីចែករំលែកនៅទីនោះ៕