
មន្ត្រីជំនាញក.ប.ប. ខេត្តតាកែវ ដុតកម្ទេចចោលគ្រឿងសមុទ្រ និងសាច់បង្កកដែលខូចគុណភាពជាង ៩ពាន់គីឡូក្រាម
តាកែវ៖ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយនាយកដ្ឋានសវនកម្មគយនិងរដ្ឋាករកម្ពុជា និងសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តតាកែវ ដុតកំទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។
មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើការដុតកំទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់ ក្នុងនោះមានគ្រឿងសមុទ្រ និងសាច់បង្កក ចំនួន ៨ ៨១២គីឡូក្រាម ដែលរឹបអូសបានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅទីតាំងដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិព្រៃមោក ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ។
គួរឱ្យដឹងដែរថា យោងតាមប្រកាសអន្តរក្រសួងចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ដីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះមកជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដោយមន្រ្តីជំនាញទាំងពីរស្ថាប័នតែងតែសហការគ្នាក្នុងការទប់ស្កាត់ បង្ការ ហាមឃាត់ នូវទំនិញដែលគ្មានគុណភាព សុវត្ថិភាព និងមិនអនុលោមតាមបទប្បញ្ញត្តិ ដើម្បីការពារនូវសុខុមាលភាព និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់៕