ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

ហ្លួងម៉ែរាជានុញ្ញាតដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយរបាយការណ៍ ស្តីពីកិច្ចការសំខាន់ចំនួន២ របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ ស្តីពីកិច្ចការចំពោះមុខដ៏មានសារៈសំខាន់ចំនួន ២ របស់កាកបាទក្រហមកម្ពុជា។

គណៈប្រតិភូអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាន សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។

ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់បានប្រោសព្រះរាជទានដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ ចូលក្រាបបង្គំគាល់ ដើម្បីទូលថ្វាយរបាយការណ៍ស្តីពីកិច្ចការដ៏មានសារៈសំខាន់របស់កាកាបាទក្រហមកម្ពុជា។

កិច្ចការចំពោះមុខដ៏មានសារៈសំខាន់ចំនួន២ របស់កាកបាទក្រហមកម្ពុជាដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយសម្តេចព្រះមហាក្សត្រីរួមមាន ការរៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានទូលថ្វាយហ្លួងម៉ែ ពីការរៀបចំមហាសន្និបាតអាណត្តិទី៧ របស់កាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលក្រាបថ្វាយបង្គំ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមរាជវាំង ដើម្បីថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក