ភ្នំពេញ៖ សមាគមអៃរាវត្តារៀបចំកម្មវិធីរាត្រីសមោសរ ដើម្បីរៃអង្គាសថវិកាជួយដល់កិច្ចការងារអភិរក្សដំរី ខណៈការរៀបចំលើកទី៥នេះមានភ្ញៀវកិត្តិយសចូលរួមច្រើនជាងឆ្នាំមុនៗ ដែលរៀបចំឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun and Moon។
សមាគមដំរីអៃរាវត្តាបានចាប់ដំណើរការតាំងពីឆ្នាំ២០១៥ និងបានបង្កើតឡើងដោយសមាជិកស្ថាបនិកដែលមានចិត្តអាណិតស្រឡាញ់ មិនចង់ឃើញដំរីកម្ពុជាបាត់បង់ ហើយគោលបំណងនៃការបង្កើតកម្មវិធីរាត្រីសមោសរនេះគឺ ដើម្បីរៃអង្គាសថវិកាពីសប្បុរសជន ដើម្បីបន្តកិច្ចការងារអភិរក្សដំរឺទៅមុខទៀត ក៏ដូចជាដើម្បីជួបជុំមហាជន សប្បុរសជនទាំងអស់ដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន និងដើម្បីបង្ហាញពីសកម្មភាព ព្រមសមិទ្ធផលរបស់សមាគមដែលបានបំពេញកន្លងមក។
ទន្ទឹមនោះ កម្មវិធីនេះក៏ដើម្បីធ្វើឲ្យកាន់តែដឹង និងស្គាល់សមាគមអៃរាវត្តាបានច្រើនបន្ថែមទៀត និងជាឱកាសដើម្បីផ្ញើសាររបស់សមាគមទៅកាន់មហាជនពីសារៈសំខាន់នៃការថែរក្សាប្រពៃណីខ្មែរយើង ដែលមនុស្សមានទំនាក់ទំនងជាមួយនិងសត្វដំរីតាំងពីយូរលង់មកហើយ។
ជាមួយគ្នានេះដែល កម្មវិធីរាត្រីស្រមោសរនេះក៏ដើម្បីបង្កើតព្រឹត្តិការណ៍ជំនួបរវាងការងារសង្គម និងការងារអាជីកម្ម ដែលលោកចូលចិត្តចង់ចូលរួមការងារអភិរក្សដំរី ចូលចង់ថែរក្សាប្រពៃណីវប្បធម៌ខ្មែរ និងចង់ជួយលើកតម្កើងវិស័យបរិស្ថាន។ ដើម្បីផ្សព្វផ្សាយដល់ពិភពលោកបានដឹងថាកម្ពុជានៅមានដំរី និងដើម្បីអំពានាវដល់ប្រជាពល រដ្ឋអោយចូលរួមកិច្ចការអភិរក្សដំរីទាំងអស់គ្នា ព្រោះដំរីស្រុកនៅកម្ពុជាមានចំនួនតិចតួចបំផុត។
សមាគមអៃរាវត្តាមិនមែនចិញ្ចឹមដំរី ៤ក្បាលប៉ុណ្ណោះទេ គឺមានធ្វើសកម្មភាពផ្សេងៗមួយចំនួនទៀតដូចជាការ ដាំដើមឈើដើម្បីជាជម្រកសត្វ ជួយលើកតម្កើងវប្បធម៌ប្រពៃណីខ្មែរ តាមរយៈការបង្កើតភូមិវប្បធម៌ ការងារសង្គមមួយចំនួនទៀត ព្រមទាំងដើម្បីជួយថែរក្សាទំនៀមទំលាប់ជនជាតិដើមភាគតិច បង្កាត់ពូជដំរី រៀបចំសេវាអេកូទេសចរណ៍ និង ការងារសង្គមមួយចំនួនទៀត។
សមាគមដំរិអៃរាវត្តាទើបចាប់ផ្ដើមទទួលបានថវិកាមួយចំនួនពីសប្បុរសជនចាប់បីឆ្នាំ២០១៨ ខណៈ ៣ឆ្នាំដំបូងស្ថានិកសមាគមនេះចំណាយថវិការខ្លួនទាំងស្រុងលើកិច្ចការទាំងនេះ។ សមាជិកក្រុម ប្រឹក្សាភិបាលនៃអៃរាវត្តាទាំងអស់ធ្វើការដោយស្ម័គ្រចិត្តពុំមានប្រាក់ខែទេ ហើយថែមទាំងបរិច្ចាកថវិកាផ្ទាល់ខ្លួនទៀតផង ហើយថវិកាដែលទទួលបានពីសប្បុរសជននឹងយកទៅចំណាយក្នុងកិច្ចការងាររបស់ សមាគមមានដូចជាទិញចំណីដំរី បើកប្រាក់ខែបុគ្គលិក ហ្មដំរី អភិវឌ្ឍន៍នៅទីតាំងអភិរក្ស ការផ្សព្វផ្សាយ ចំណាយរដ្ឋបាល មធ្យោបាយដឹកជញ្ជូន និងថ្នាំពេទ្យដំរីជាដើម៕