សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានស្រាវជា្រវនិងចាប់បានជនសង្ស័យជនជាតិខ្មែរចំនួន ២នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងករណីរំដោះទណ្ឌិតដែលជាមេក្លោងគ្រឿងញៀននៅគ្លិនីកធ្មេញកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ គិតមកដល់ពេលនេះសមត្ថកិច្ចចាប់បានជនសង្ស័យសរុបចំនួន ១៣នាក់ហើយ។
ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានចុះចេញដីកាបញ្ជាឱ្យជនសង្ស័យឈ្មោះ ប្រាក់ ចំរើន ភេទស្រី អាយុ ៣៨ឆ្នាំ ដែលរស់នៅបច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុងនិងខេត្តសៀមរាប និងជនសង្ស័យម្នាក់ទៀត ឈ្មោះ ខាន់ សុខា ហៅតឿ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកសាកសួរ។
ក្រោយពីកម្លាំងសមត្ថកិច្ចយើងធ្វើការសាកសួរឈ្មោះ ខាន់ សុខា ហៅតឿ បានឆ្លើយសារភាពថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រូបខ្លួនបានចូលរួមរំដោះជនជាតិចិន ឈ្មោះ Chen Hsin Han ដោយឈ្មោះ ស៊ឹម សឿម (ត្រូវជាពូថ្លៃ) បានឲ្យខ្លួនបើកម៉ូតូចំនួន ១គ្រឿង ម៉ាក Click ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ផ្លាក់លេខ សៀមរាប 1AX-2307 ឱ្យចាំយកជនជាតិចិន នៅចំណុចគ្លីនិចពេទ្យធ្មេញ ជុំ ចិន្ថា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យបន្ថែមថា ដោយឈ្មោះ ស៊ឹម សឿម បានឲ្យប្រាក់ចំនួន ៥០០ដុល្លារ ដោយសន្យាថា ពេលការងារចប់ នឹងឱ្យម៉ូតូរបស់ខ្លួនមកវិញ ជាមួយនឹងការសន្យាផ្តល់ប្រាក់ចំនួន ១ពាន់ដុល្លារពីលើបន្ថែមទៀត។
ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងបាន ម៉ូតូចំនួន ២គ្រឿង ម៉ាក Click ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខសៀមរាប 1AX-2307 (ផ្លាកលេខក្លែងក្លាយ) និងម៉ាក Click ពណ៌ស ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខសៀមរាប 1AX-3223 (ផ្លាកលេខក្លែងក្លាយ)។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕