ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានសម្រេចប្រគល់ភារកិច្ច អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យទៅឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខានៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា។
លោក ជួន ណារិន្ទ ទទួលបានតំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជំនួស នាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាអគ្គស្នងការដ្ឋាននៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ ស ថេត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិជំនួសនាយឧត្តមសេនីយ៍ នេត សាវឿន ដែលឡើងជាឧបនាយករដ្ឋមន្ត្រីទី១ ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទីពេលដែលអវត្តមាននាយរកដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុតាំងពីឆ្នាំ២០១៥ ហើយកាលពីឆ្នាំ២០១៤ លោកក៏ធ្លាប់បានកាន់តំណែងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្តងរួចមកហើយ៕