ស្នងការខេត្តបន្ទាយមានជ័យព្រមានចាត់វិធានការលើអ្នកដែលញុះញង់ធ្វើឱ្យបាត់ទំនុកចិត្តមកលើស្ថាប័ននគរបាល
បន្ទាយមានជ័យ៖ អ្នកនាំពាក្យស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានច្រានចោលផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលចោទប្រកាន់កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថាជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញឿនបានស្លាប់ ដោយប៉ូលីសនៅអធិការដ្ឋានមង្គលបូរីធ្វើទារុណកម្ម។ ស្នងការដ្ឋានបញ្ចេញវីដេអូនៃជនសង្ស័យដែលថាបានលេបថ្នាំញៀនចូលក្នុងពោះនឹងត្រូវបានថ្នាំញៀនជ្រាបពេញខ្លួនប្រកាច់នៅអធិការដ្ឋាននគរបាលបាលមង្គលបូរី។
ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ បានបញ្ជាឱ្យមានការត្រួតពិនិត្យស៊ីជម្រៅទៅលើកម្លាំងក្រោមបង្គាប់របស់ខ្លួន ព្រោះអំពើទារុណកម្មមិនត្រូវបានអត់អោនឱ្យជាដាច់ខាត។ បន្ទាប់ពីស្រាវជ្រាវពេញលេញ មិនមានសកម្មភាពអំពើទារុណកម្មណាមួយប្រព្រឹត្តឡើងចំពោះជនសង្ស័យឡើយ។
ស្នងការដ្ឋានបានបញ្ជាក់ថា តាមលទ្ធផលនៃកោសលវិច្ឆ័យដែលធ្វើឡើងដោយគ្រូពេទ្យជំនាញ ដោយមានការចូលរួមការិយាល័យនគរបាលបច្ចេកកោលស្យវិច័យ និងវិទ្យាសាស្រ្តបានបង្ហាញថា ជនសង្ស័យស្លាប់ដោយអាការៈគាំងបេះដូង។ លទ្ធផលកោសលវិច្ឆ័យនេះ គ្រូពេទ្យជំនាញ និងក្រុមកោសលវិច្ឆ័យបានផ្តល់ឱ្យសាច់ញតិ ឪពុកម្តាយរបស់ជនសង្ស័យ ហើយសាច់ញតិរបស់ជនសង្ស័យក៏ទទួលស្គាល់នូវលទ្ធផលនៃកោសលវិច័យនេះដែរ។
ដូចមានបញ្ជាក់ក្នុងវីដេអូរបស់សាច់ញាតិជនសង្ស័យ គ្រួសារសពបានយល់ព្រមទទួលស្គាល់នូវលទ្ធផលកោសលវិច័យ និងស្នើសុំយកសពទៅធ្វើបុណ្យតាមប្រពៃណី។
មុនពេលប្រគល់សព លោកឧត្តមសេនីយទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏បានសួរនាំគ្រួសារសព ៣ ដងថា៖ បើគ្រួសារសពមិនអស់ចិត្តនឹងលទ្ធផលនៃកោសលវិច្ឆ័យនៃអាការៈនៃការស្លាប់ ដោយបារម្ភខ្លាចមានអំពើទារុណកម្មមកលើកូនរបស់ខ្លួន លោកឧត្តមសេនីយ៍ទោ នឹងស្នើសុំឱ្យគ្រួសារសពចូលរួម យល់ព្រមដើម្បីវះកាត់សព និងពិនិត្យផ្នែកខាងក្នុង តែគ្រួសារសពនៅតែបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនគ្មានមន្ទិលចំពោះលទ្ធផលកោសលវិច្ឆ័យទេ មានតែសុំយកសពកូនមកធ្វើបុណ្យ។
ក្រោយបញ្ចុះសពហើយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បែរជាឪពុករបស់សពជនសង្ស័យទៅប្តឹងស្ថាប័នអយ្យការខេត្តបន្ទាយមានជ័យ ថាបានធ្វើអំពើទារុណកម្មលើកូនប្រុសរបស់ខ្លួន។
អ្នកនាំពាក្យនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បញ្ជាក់ថាករណីនេះស្នងការដ្ឋាននឹងមិនអត់អោនដាច់ខាតទាំងមន្រ្តីដែលខុស ហើយ ក៏មិនអត់អោនដល់អ្នកធ្វើសកម្មភាពញុះញង់ និងធ្វើឱ្យបាត់ទំនុកចិត្តមកលើស្ថាប័នស្នងការដ្ឋាននគរបាល។ អ្នកទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕