នាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានប្រធានាធិបតីគុយបាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រមុខរដ្ឋ-រដ្ឋាភិបាល
ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋគុយបា លោក Miguel Diaz-Canel Bermudez (មីហ្គែល ឌីអាស-កាណែល ប៊ីមូដេស) បានផ្ញើលិខិតអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលប្រមុខរដ្ឋ-រដ្ឋាភិបាល នៃក្រុមប្រទេស G-77 បូកចិន នៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហាវ៉ាណា នៃសាធារណរដ្ឋគុយបា។
កិច្ចប្រជុំកំពូលប្រមុខរដ្ឋ-រដ្ឋាភិបាល នៃក្រុមប្រទេស G-77 បូកចិននេះនឹងប្រព្រឹត្តឡើងក្រោមប្រធានបទស្តីពីបញ្ហាប្រឈមនៃការអភិវឌ្ឍបច្ចុប្បន្ន៖ តួនាទីរបស់វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងលិខិតនោះលោកប្រធានាធិបតីនៃសាធារណរដ្ឋគុយបាបានសរសេរដូច្នេះថា៖ «វាគឺជាមហាកិត្តិយសដែលយើងអាចទទួលស្វាគមន៍ ឯកឧត្ដមនៅប្រទេសគុយបា ហើយយើងរំពឹងលើវត្តមានដ៏មានតម្លៃ និងការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តមនៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ»៕