កំពត៖ មន្ត្រីសាខាកិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF ខេត្តកំពត កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានសហការជាមួយអាជ្ញាធរដែនដីចុះទៅយកសំណាកស្រាសចំនួន ៤គំរូនៅអាជីវកម្មបិតស្រាដើម្បីមកត្រួតពិនិត្យ ក្រោយពីមានករណីពុលស្រាសស្លាប់ចំនួន៣នាក់នៅភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
សំណាកស្រាចំនួន ៤គំរូនោះត្រូវបានមន្ត្រីសាខា ក.ប.ប ខេត្តកំពតយកមកវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.ដើម្បីរកមូលហេតុដែលនាំឱ្យមានករណីពុលស្លាប់មនុស្សចំនួន ៣នាក់កន្លងមក។
ក.ប.ប បានសរសេរដូច្នេះថា៖ «មន្រ្តីជំនាញបានដកយកសំណាកស្រារសចំនួន ៤គំរូ បញ្ជូនមកនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតដើម្បីស្វេងរកមូលហេតុនៃការពុល»។
តាមប្រភពពីអ្នកភូមិស្រកានាគ ជនរងគ្រោះដែលពុលស្រាស្លាប់ចំនួន៣នាក់នោះ គឺពួកគេតែងតែទទួលទានស្រាជាច្រើនជាយូរមកហើយ។
ដើម្បីទប់ស្កាត់ការកើនឡើងនូវករណីពុលស្រា មន្ត្រីសាខា ក.ប.ប ខេត្តកំពតបានសហការជាមួយអាជ្ញាធរនៃឃុំសត្វពង និងឃុំឈូក ស្រុកឈូក ខេត្តកំពត ចុះត្រួតពិនិត្យអាជីវកម្មវបិតស្រាស និងស្រាថ្នំាចំនួន៤ទីតាំង ដោយយកសំណាកស្រាចំនួន ៨គំរូទៅត្រួតពិនិត្យ ក្នុងគោលបំណងពិនិត្យមើលអនុលោមភាព និងលក្ខណៈបច្ចេកទេសក្នុងការបិតស្រា ដើម្បីជៀសវាងការលាយនូវសារធាតុណាមួយ ដែលអាចបណ្តាលឱ្យមានករណីពុលស្រាកើតឡើងជាបន្តទៀត៕