ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មនុស្សជិត ៣ម៉ឺននាក់ចាកចេញពីភាពក្រីក្រតាមរយៈគម្រោង ១៥ឆ្នាំរបស់ World Vision

តាកែវ៖ ប្រជាជនចំនួន ២៦ ១៨៤នាក់ (ស្ត្រីចំនួន ៨ ៩៣៤នាក់) និងកុមារចំនួន ៤ ៣១៤នាក់បានទទួលប្រយោជន៍ពីគម្រោង ១៥ឆ្នាំរបស់អង្គការទស្សនៈពិភពលោក ឆ្លើយតបនឹងបញ្ហាប្រឈម និងជំរុញការពង្រឹងអំណាចសហគមន៍។

អង្គការទស្សនៈពិភពលោក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងស្រុកសំរោង បានរួមគ្នាប្រារព្ធពិធីអបអរសាទរសមិទ្ធផលនៃបេសកកម្មរយៈពេល ១៥ឆ្នាំ ដែលពាំនាំនូវការផ្លាស់ប្រែរបស់កុមារ និងសហគមន៍ងាយរងគ្រោះ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៣ នៅសាលាបឋមសិក្សាដំរីយកទឹក។

អភិបាលនៃគណៈអភិបាលស្រុកសំរោង រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវសុខភាព អាហារូបត្ថម្ភ ការអប់រំ សន្តិសុខស្បៀង និងកិច្ចការពារកុមារ និងយុវជន ជាពិសេស នៅក្នុងតំបន់គោលដៅក្នុងស្រុកសំរោង។

លោកបានបន្ថែមថាអង្គការទស្សនៈពិភពលោក ក៏បានធ្វើឱ្យគ្រួសារមានប្រាក់ចំណូលទាប មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន មានអាហារបរិភោគគ្រប់គ្រាន់ និងកាត់បន្ថយការធ្វើចំណាកស្រុក។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីវត្តមាន ១៥ឆ្នាំ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ក្នុងខេត្តតាកែវ នាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋនៅស្រុកសំរោង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បង្ហាញថា នៅខែតុលា ឆ្នាំ២០០៧ World Vision បានចាប់ផ្តើមការងារ និងអនុវត្តកម្មវិធីតំបន់ស្រុកសំរោង ខេត្តតាកែវ នៅភូមិចំនួន៣២ នៃឃុំចំនួន២ (ស្លា និងជំរះពេន) ហើយបានផ្តល់ផលដល់ប្រជាជនចំនួន ២៦ ១៨៤នាក់ ក្នុងនោះស្រ្តីចំនួន ៨ ៩៣៤នាក់ និងកុមារចំនួន ៤ ៣១៤នាក់ (កុមារីចំនួន ៤ ២០១នាក់)។

ជាមួយគ្នានេះដែរ អង្គការទស្សនៈពិភពលោកក៏បានផ្តួចផ្តើមបង្កើតឱ្យមានសហគមន៍អភិវឌ្ឍកសិកម្មចំនួន៣ ក្នុងការបង្កើត និងគ្រប់គ្រងស្ថានីយ៍បណ្តាញទឹកស្អាត ចំនួន៣ សម្រាប់ចែកចាយដល់ប្រជាជនចំនួនជាង ៩៧០គ្រួសារ រួមទាំងសាលារៀនផងដែរ។

World Vision បានគូសបញ្ចាក់ថា អង្គការជាអង្គការគ្រីស្ទបរិស័ទដែលផ្តល់ជំនួយអភិវឌ្ឍន៍ និងស្វែងរកមតិគាំទ្រ ដែលប្តេជ្ញាជួយដល់កុមារ គ្រួសារ និងសហគមន៍ ឱ្យចាកចេញពីភាពក្រីក្រ និងអយុត្តិធម៌ ដោយធ្វើការដើម្បីប្រជាជនទាំងអស់មិនគិតពីសាសនា ជាតិសាសន៍ ជាតិពន្ធុ ឬភេទឡើយ។

គួរឱ្យដឹងដែរថា អង្គការទស្សនៈពិភពលោក ចាប់ផ្តើមបេសកកម្មនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ១៩៧០ ដោយធ្វើការងារជិតស្និទ្ធជាមួយក្រសួងនានា ដៃគូមូលដ្ឋាន និងក្រុមសហគមន៍ និងសហការជាមួយសហគមន៍ ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់កុមារកម្ពុជា ជាពិសេសកុមារងាយរងគ្រោះបំផុត តាមរយៈកម្មវិធីសំខាន់ៗបីគឺ អាហារូបត្ថម្ភ ការអប់រំ និងការការពារ និងការចូលរួមរបស់កុមារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក