ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ត្រូវបានសម្រេចឱ្យធ្វើជាឧបនាយករដ្ឋមន្ត្រីទី១ ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបែងចែកមុខងារដល់ឧបនាយករដ្ឋមន្ត្រីទាំង ១០រូបនៃរដ្ឋាភិបាលតាមភារកិច្ចរៀងខ្លួនដោយក្នុងនោះមនុស្សទី២ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត គឺឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដែលត្រូវទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទីពេលដែលលោក ហ៊ុន ម៉ាណែត អវត្តមាន។
ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី២២ ខែសីហា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចឱ្យឧបនាយករដ្ឋមន្ត្រី នេត សាវឿន ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី និងជួយនាយករដ្ឋមន្ត្រីលើវិស័យសន្ដិសុខជាតិ និងសណ្ឋាប់ធ្នាប់សាធារណៈ ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំកម្លាំងគ្រប់ប្រភេទដើម្បីការសន្ដិសុខជាតិ និងសណ្ឋាប់ធ្នាប់សាធារណៈ ទទួលសិទ្ធពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងពេលនាយករដ្ឋមន្ត្រីអវត្តមាន ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរាជរដ្ឋាភិបាល តាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទូលបន្ទុកអនុវត្តការងារពិសេស ឬបេសកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
ក្នុងសេចក្ដីសម្រេចនោះក៏បានឱ្យដឹងផងដែរថាក្នុងពេលដែលលោក ហ៊ុន ម៉ាណែត និងលោក នេត សាវឿន អវត្តមានអ្នកដែលទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទីបន្តគឺឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៕

