ថៃ៖ ក្រោយជាប់គាំងនយោបាយរយៈពេលជិត ១០០ថ្ងៃ បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានទទួលជោគជ័យក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ស្របពេលដែលកម្ពុជាក៏បានតែងតាំងនាយករដ្ឋមន្រ្តីថ្មីគឺ លោក ហ៊ុន ម៉ាណែត ដូចគ្នា។
យោងតាមសារព័ត៌មាន The Nation Thailand បានឱ្យដឹងថា លោក Srettha ត្រូវបានជ្រោមជ្រែងដោយក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ ដែលមានគណបក្សចំនួន១១ ដែលរួមគ្នាធ្វើឱ្យមានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ ដោយមាន ៣១៤អាសនៈ។ បន្ទាប់ពីឡើងកាន់តំណែងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃបានសន្យាថា នឹងដាក់របៀបវារៈសម្រាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួដោយអះអាងថា ធម្មនុញ្ញឆ្នាំ២០១៧ គឺជាបញ្ហាបច្ចុប្បន្នរបស់ប្រទេសថៃ។
ទន្ទឹមនោះដែរ រដ្ឋសភាអាណត្តិទី៧ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តយ៉ាងពេញទំហឹងដល់សមាសភាពរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីកម្ពុជាថ្មី ហ៊ុន ម៉ាណែត ខណៈគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ហ៊ុន ម៉ាណែត រួមមានឧបនាយករដ្ឋមន្ត្រី ១០រូប ទេសរដ្ឋមន្ត្រី ២១រូប និងរដ្ឋមន្ត្រី ៣០រូប។
ជាមួយគ្នានេះដែរ អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងឱ្យដឹងតាម Channel Telegram សម្តេចថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេស២ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។
សម្តេចតេជោថ្លែងថា៖ «បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ»។
អតីតនាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឲ្យរីកចម្រើនទ្វេដងបន្ថែមទៀត៕