ហ្សាកាតា៖ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានផ្ញើលិខិតចូលរួមអបអរសាទរចំពោះលោក ហ៊ុន ម៉ាណែត ដែលត្រូវបានសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។
ក្នុងលិខិតផ្ញើទៅកាន់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក កៅ គឹមហួន បានលើកឡើងថាលេខាធិការដ្ឋានអាស៊ានបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការងាររួមគ្នាជាមួយប្រទេសកម្ពុជា និងរដ្ឋសមាជិកអាស៊ានដទៃទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងកិច្ចការបន្ថែមទៀត។ លោកបានបញ្ជាក់ថា លោកកំពុងទន្ទឹងរង់ចាំស្វាគមន៍លោក ហ៊ុន ម៉ាណែត មកកាន់ទីក្រុងហ្សាកាតាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅខែកញ្ញា។
លោកបានលើកឡើងថា៖ «ខ្ញុំពិតជាជឿជាក់ថា ក្រោមការដឹកនាំរបស់លោកជានាយករដ្ឋមន្ត្រី កម្ពុជានឹងបន្តឆ្ពោះទៅកាន់អនាគតដ៏ត្រចេះត្រចង់សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនក្នុងតំបន់អាស៊ាន»៕