ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានផ្ញើលិខិតអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលត្រូវបានសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។
លោក Li Qiang បានលើកឡើងថា៖ «ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជាក្នុងការដើរលើមាគ៌ាដែលសមស្របនឹងស្ថានភាពជាតិរបស់ខ្លួន ហើយជឿជាក់ថាក្រោមការដឹកនាំរបស់ឯកឧត្តម និងការដឹកនាំរបស់រដ្ឋាភិបាលថ្មី ប្រជាជនកម្ពុជាជាបងប្អូននឹងទទួលបាននូវភាពរុងរឿងកាន់តែច្រើនឡើង»។
លោក Li Qiang បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់ប្រទេសចិន និងកម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងរួមគ្នាកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នា ដើម្បីផលប្រយោជន៍ប្រជាជនយើងទាំងពីរ៕