ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានត្រឡប់មកប្រទេសថៃវិញនៅព្រឹកនេះ ដោយបញ្ចប់ការនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ ដោយយន្តហោះឯកជនដឹកលោកថាក់ស៊ីនបានចុះចតនៅអាកាសយានដ្ឋានដនមឿងនៅម៉ោងប្រហែល ៩ព្រឹក ខណៈលោកត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ១០ឆ្នាំក្រោមការផ្ដន្ទាទោសចំនួនបី។ នេះបើយោងតាមបណ្តាសារព័ត៌មានថៃ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានមកដល់អាកាសយានដ្ឋានដុនមឿង តាមយន្តហោះឯកជនពីប្រទេសសិង្ហបុរីបន្ទាប់ពីឆ្លងកាត់នីតិវិធីអន្តោប្រវេសន៍ធម្មតា លោកនឹងត្រូវបានអមដោយប៉ូលិស និងមន្ត្រីនាយកដ្ឋានកែតម្រូវទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់ការិយាល័យនយោបាយដើម្បីទទួលដីកាឃុំខ្លួនដោយតុលាការ។
ប្រភពពីសារព័ត៌មានថៃបានឱ្យដឹងថា សាច់ញាតិ និងសារព័ត៌មានត្រូវបានអនុញ្ញាតឱ្យជួបលោក ថាក់ស៊ីន រហូតដល់ ១០នាទី ខណៈលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចេញមកក្រៅចំណតយន្តហោះឯកជនមួយភ្លែតនៅអាកាសយានដ្ឋានដុនមឿង ជាកន្លែងដែលគាត់ត្រូវបានស្វាគមន៍ដោយកូនបីនាក់របស់គាត់គឺ Pintongta, Panthongtae និង Paetongtarn ព្រមទាំងអ្នកគាំទ្រជាច្រើន មុននឹងត្រលប់ទៅខាងក្នុងវិញ ហើយលោកត្រូវបាននាំទៅកាន់ផ្នែកព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់មុខតំណែងនយោបាយនៅក្នុងស្រុក Phra Nakhon ដើម្បីស្តាប់ការចោទប្រកាន់ប្រឆាំងនឹងគាត់។ បន្ទាប់មក លោក ថាក់ស៊ីន នឹងត្រូវនាំខ្លួនទៅពន្ធនាគារក្រុងបាងកក ក្នុងសង្កាត់ Chatuchak។
គួរឱ្យដឹងដែរថា ចាប់តាំងពីត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បច្ចុប្បន្នមានអាយុ ៧៤ ឆ្នាំបានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ ២០០៨ ហើយលោកត្រូវបានរកឃើញថាមានពិរុទ្ធក្នុងករណីពុករលួយចំនួន៤ និងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ៕