ក្រសួងទេសចរណ៍ប្រកាសឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៣-២០២៦»
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់អនុវត្ត «ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលចុះនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
ការដាក់ឱ្យអនុវត្តផែនការនេះ ក្នុងគោលបំណងដើម្បីដាក់ចេញនូវសកម្មភាពផ្សព្វផ្សាយ និងផ្តោតសំខាន់លើការទាក់ទាញប្រភពទីផ្សារទេសចរណ៍គោលដៅ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ តាមរយៈការធ្វើអាទិភាវូបនីយកម្មជម្រើសសកម្មភាពផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ សម្រាប់ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ស្របតាមការវិវត្តន៍នៃបរិបទទីផ្សារ និងបង្កើនកិត្តិនាមខេត្តសៀមរាបជា «តារារះនាទិសឧត្តរ»។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដើម្បីឱ្យសម្រេចតាមផែនការនេះ ក្រសួងបានកំណត់នូវគោលដៅសំខាន់ៗរួមមាន ទាក់ទាញប្រភពទីផ្សារទេសចរណ៍សំខាន់ៗសម្រាប់ខេត្តសៀមរាប និងពង្រឹងការផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រសួងបន្ថែមថា ក្រសួងដាក់ចេញនូវ ២១សកម្មភាពអនុវត្តសម្រាប់ ឆ្នាំ២០២៣-២០២៦ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ឱ្យបានកម្រិតស្មើ ឬប្រសើរជាងមុនពេលវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០១៩) ដោយសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ៣លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤លាននាក់នៅត្រឹមឆ្នាំ២០២៦៕