ប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅបរិវេណវិទ្យាល័យព្រះមហាក្សត្រីកុសុមៈបានបញ្ចប់ជាស្ថាពរ
ក្រចេះ៖ អង្គភាពស៊ីម៉ាក់ បានបញ្ចប់បេសកកម្មបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រីកុសុមៈរួចរាល់ជាស្ថាពរហើយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ខណៈសិស្សានុសិស្សសាលាអាចចាប់ផ្តើមចូលរៀនឡើងវិញនៅថ្ងៃចន្ទនេះ។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានបញ្ជាក់ថា អ្នកជំនាញស៊ីម៉ាក បានបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបបានចំនួន ២ ២៨៦គ្រាប់ក្នុង ៥រណ្តៅ ដោយគ្រាប់យុទ្ធភណ្ឌទាំងនោះត្រូវបានបញ្ជូនទៅកន្លែងកម្ទេចចោលប្រកបដោយសុវត្ថិភាពហើយ។
លោកបន្តថាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមានវត្តមានកប់ក្នុងដីបរិវេណវិទ្យាល័យព្រះមហាក្សត្រីកុសុមៈនេះ កាលពីមុនគឺជាកន្លែងឈរជើងរបស់កងទ័ព។ បើតាមលោក ហេង រតនា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ត្រូវបានកងទ័ពខ្មែរក្រហមកប់ទុកក្នុងដីចោលសម្រាប់ប្រើប្រាស់ក្នុងសម័យខ្មែរក្រហមឆ្នាំ១៩៧៥។
អគ្គនាយក CMAC លោក ហេង រតនា បានបញ្ជាក់ទៀតថា កម្លាំងជំនាញបានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងបរិវេណសាលាទាំងស្រុងទំហំ ៤ហិកតាតែម្តង ដើម្បីសុវត្ថិភាពសិស្សានុសិស្ស។
វិទ្យាល័យព្រះមហាក្សត្រីកុសុមៈ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ លោក ឡាយ បូរ៉ា បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ខាងសាលាបានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ អំឡុងពេលជួសជុលអគារសាលាដែលមានសភាពចាស់ និងទ្រុឌទ្រោម៕







