លោក ហ៊ុន ម៉ានី៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ តំណាងរាស្រ្តខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានលើកឡើងថា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី៧ ដែលប្រសូតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ នឹងត្រូវប្រកាសសុពលភាពរបស់ខ្លួនមុនចូលបំពេញភារកិច្ចជូនជាតិ មាតុភូមិ។
លោក ហ៊ុន ម៉ានី បានបង្ហោះសារលើបណ្ទាញសង្គមលោកនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ថាសម័យប្រជុំពេញអង្គលើកទី១ ត្រូវបានប្រោសព្រះរាជទានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានឱ្យដឹងទៀតថា ក្រោយប្រកាសសុពលភាព តំណាងរាស្រ្តទាំងអស់នឹងត្រូវធ្វើសច្ចាប្រណិធាននៅព្រះទីនាំងទេវាវិនិច្ឆ័យ ដែលនេះជាដំណើរការទូទៅ និងជាប្រក្រតីនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
តំណាងរាស្រ្តខេត្តកំពង់ស្ពឺរូបនេះ បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្តលើគណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មីនេះតទៅទៀត។
ទន្ទឹមនោះដែរ លោក ហ៊ុន ម៉ានី ក៏បានក្រាបថ្វាយបង្គំ និងសម្តែងថ្វាយនូវកត្តញ្ញូកត្តវេទីថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧។
លោក ហ៊ុន ម៉ានី ថ្លែងថា៖«ព្រះរាជវត្តមានដ៏ថ្លៃថ្លាបំផុតនេះ គឺជាការប្រោះព្រុំពរជ័យប្រទានដល់ស្ថាប័ននីតិបញ្ញត្តិក្នុងការចាប់ផ្តើមបេសកកម្មរបស់ខ្លួន។ ទូលព្រះបង្គំជាខ្ញុំនឹងចងចាំព្រះរាជឱង្ការផ្តាំផ្ញើដ៏ថ្លៃថ្លាបំផុតនៃអង្គព្រះករុណាថ្លៃវិសេស ដែលឱ្យតំណាងរាស្រ្តត្រូវទាំងអស់ខិតខំយកអស់សមត្ថភាពដើម្បីបម្រើជាតិ និងប្រជាជន»៕