ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្ដីសម្រេចស្តីពីការបិទ និងដកហូតសេក្តីសម្រេចឱ្យបើកមន្ទីរពេទ្យ ប៊ីធនកម្ពុជា ដោយបានរកឃើញថា មន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌ បច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថាយោងតាមការចុះត្រួតពិនិត្យរបស់ក្រុមការងារចម្រុះ នៅមន្ទីរពេទ្យ ប៊ីធនកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៥០៦ មហាវិថី ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានរកឃើញថា មន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌ បច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកប វិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ។
ក្រសួងសុខាភិបាលបាលបានឱ្យដឹងទៀតថា មន្ទីរពេទ្យនេះបានអនុញ្ញាតដោយខុសច្បាប់ឱ្យគ្រូពេទ្យជាជនបរទេស គ្មានអាជ្ញាប័ណ្ណគណៈគ្រូពេទ្យកម្ពុជា ជាអ្នកព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេសបណ្តាលឱ្យស្លាប់ នៅក្នុងមន្ទីរពេទ្យ ប៊ីធនកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថា ក្រសួងសុខាភិបាលបានសម្រេចបិទ និងដកហូតសេចក្ដីសម្រេចស្ដីពីការបើក មន្ទីរពេទ្យ ប៊ីធន កម្ពុជា ហើយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងបន្តនីតិវិធីស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ជា ធរមាន ចំពោះម្ចាស់មន្ទីរពេទ្យ និងគ្រូពេទ្យដែលពាក់ព័ន្ធក្នុងករណីខាងលើ។
ក្រសួងសុខាភិបាលណែនាំដល់ម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ៕