ឧត្តរមានជ័យ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះលោកព្រិន្ទបាលឯក ម៉ុយ ទឿម ដែលបានពលីជីវិតដោយជាន់មីនផ្ទុះស្លាប់ក្នុងពេលដើរល្បាតត្រួតពិនិត្យការពារបូរណភាពទឹកដីនៅចំណុចខ្នងភ្នំដងរែក ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃសៅរ៍ទី១៩ ខែសីហា ឆ្នាំ២០២៣។
សម្តេចពិជ័យសេនា ទៀ បាញ់ ចាត់ទុកលោកព្រិន្ទបាលឯក ម៉ុយ ទឿម គឺជាគម្រូវីរភាពសម្រាប់នាយទាហានបន្តវេន។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសពព្រិន្ទបាលឯក ម៉ុយ ទឿម ដែលបានពលីជីវិតក្នុងពេលដើរល្បាតត្រួតពិនិត្យការពារទីតាំង បានជាន់មីនចាស់ប្រភេទមីន K59 របស់សូវៀត ខណៈពេលសម្រាកទៅបត់ជើងធំនៅចំណុចខ្នងភ្នំដងរែក ទិសប្រាសាទតាមាន់។
សពរបស់នាយទាហានរូបនេះបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះយោធិនដែលស្ថិតនៅភូមិត្របែកសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងបានឧបត្ថម្ភដល់ក្រុមគ្រួសារសពចំនួន ១០លានរៀល៕