បន្ទាយមានជ័យ៖ គណៈប្រតិភូខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញចូលរួមពិពណ៌ដៃគូយុទ្ធសាស្រ្តចិន-អាស៊ីអាគ្នេយ៍ លើកទី៧ និងភាពត្រឹមត្រូវនៃការនាំចេញ នាំចូលរបស់ទីក្រុងគុនមីញ ប្រទេសចិន លើកទី២៧ នៅទីក្រុងគុនមីញ ខេត្តយូណាន សាធារណ:រដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ងៃ (១៥-១៩) ដែលត្រលប់មកមាតុប្រទេសវិញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ។
ក្នុងនោះលោក អ៊ុ រាត្រី ក៏បានធ្វើបទបង្ហាញអំពីស្ថានភាពទូទៅ និងសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ក្នុងវេទិកាអភិបាលខេត្តខ្សែក្រវ៉ាត់សេដ្ឋកិច្ចប្រចាំអនុតំបន់ទន្លេមេគង្គ នៅទីក្រុងគួនមីញ ខេត្តយូណាន សាធារណ:រដ្ឋប្រជាមានិតចិន ដេីម្បីទាក់ទាញអ្នកវិនិយោគិនចិន មកវិនិយោគក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាបង្កេីនឱកាសការងារក្នុងស្រុក ជូនដល់ប្រជាជននៅក្នុងខេត្តមានការងារធ្វេី កាត់បន្ថយការចំណាក់ស្រុក។ ព្រមទាំងបានធ្វេីដំណេីរទស្សនកិច្ចនៅភូមិវប្បធម៌និងកន្លែងមួយចំនួននៅទីក្រុងគុនមីញ ខេត្តយូណាន សាធារណ:រដ្ឋប្រជាមានិតចិនផងដែរ ។
សូមបញ្ជាក់ផងដែរថា ខេត្តយូណាន បានផ្តល់ជំនួយលើការផ្តល់អាហារូបករណ៍ដល់និស្សិតរៀងរាល់ឆ្នាំ ជួយសាងសង់អគារសាលារៀន ផ្តល់សម្ភារ: ឧបករណ៍សុខាភិបាល ផ្តល់ជំនួយលើវិទ្យាស្ថានគំរូមិត្តភាពបច្ចេកទេសវិទ្យាសាស្ត្រកសិកម្មបន្ទាយមានជ័យ-យូណាន នៅស្រុកម៉ាឡៃ ជួយមន្ទីរពិសោធន៍ដី និងក្សេត្រសាស្ត្រនៅសាកលវិទ្យាល័យជាតិមានជ័យផងផងដែរ៕