អាជ្ញាធរណែនាំឪពុកម្តាយកុំបណ្តោយឱ្យកូនផឹកភេសជ្ជៈគ្រឿងកំប៉ុង ខណៈក្មេងប្រុសម្នាក់នៅព្រៃវែងស្លាប់
ព្រែវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរាយការណ៍ថា មានក្មេងប្រុសម្នាក់អាយុ ១៤ឆ្នាំ រស់នៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយសារផឹកភេសជ្ជៈគ្រឿងកំប៉ុងច្រើនពេករហូតប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
តាមការបញ្ជាក់ពីស្នងការខេត្តព្រៃវែង ក្មេងប្រុសនោះដំបូងឡើយមានអាការហើមមុខ និងស្លេកស្លាំង ទើបក្រុមគ្រួសារបានបញ្ជូនក្មេងប្រុសទៅមន្ទីរពេទ្យជាច្រើន និងមន្ទីរពេទ្យគន្ធបុប្ផា ហើយក្រុមគ្រូពេទ្យសុទ្ធតែបានបញ្ជាក់ដូចគ្នាថា ក្មេងនោះមានបញ្ហាតម្រងនោម និងត្រូវលាងឈាមជាប្រចាំទើបអាចរក្សាជីវិតក្មេងនោះបាន ដោយសារតែជាតិពុលឡើងដល់១.១០០ និងខ្សោយតម្រងនោម ដែលបណ្ដាលមកពីញ៉ាំគ្រឿងកំប៉ុងច្រើន។
តាមការបញ្ជាក់ពីម្តាយ កូនរបស់គាត់រៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សាអ្នកលឿង ដោយសារតែគាត់អស់លទ្ធផលលើការថ្លៃព្យាបាល គាត់ក៏បានយកកូនត្រឡប់មកផ្ទះវិញ លុះមកដល់យប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ កូនរបស់គាត់ក៏បានទទួលមរណភាពនៅផ្ទះ។
លោកស្រីជាម្តាយ បានបញ្ជាក់ទៀតថា កូនរបស់គាត់ចាប់ផ្ដើមចូលចិត្តញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងជាច្រើនប្រភេទ តាំងពីអាយុ ១០ឆ្នាំ ពោលគឺកូនរបស់គាត់ញ៉ាំជាប្រចាំថ្ងៃទាំងនៅសាលារៀន និងពេលទៅឃ្វាលគោ ដោយកូនគាត់តែងលួចលាក់ដាក់តាមខ្លួន ហើយញ៉ាំជាប្រចាំ ទោះបីជាម្តាយខំហាមឃាត់យ៉ាងណាក៏ដោយ។
គាត់បានបន្ថែមថា មានពេលខ្លះកូនរបស់គាត់ញ៉ាំភេសជ្ជៈគ្រឿងកំប៉ុង ហើយមិនសូវញ៉ាំបាយឡើយ ដោយកូនរបស់គាត់បានញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងជាច្រើនប្រភេទជាប្រចាំ អស់រយៈពេលប្រហែល ៤ ឆ្នាំមកហើយ បើគិតមកដល់ថ្ងៃក្មេងមានអាការៈធ្ងន់ធ្ងរ។
ស្នងការខេត្តព្រៃវែង បានណែនាំមាតាបិតា ឬអាណាព្យាបាលទាំងអស់ អប់រំណែនាំ និងគួរតែហាមឃាត់កូនៗរបស់លោកអ្នក កុំឱ្យញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងផ្សេងៗ ព្រោះវាផ្ដល់ផលប៉ះពាល់ច្រើនណាស់ ដល់សុខភាព និងមិនត្រឹមតែកុមារប៉ុណ្ណោះទេ មនុស្សគ្រប់វ័យ ក៏អាចប្រឈមផលប៉ះពាល់សុខភាព ហើយអាចឈានដល់បាត់បង់អាយុជីវិតទៀតផង ជាក់ស្ដែងដូចករណីខាងលើនេះ៕