ឧក្រិដ្ឋជន ៧នាក់សុទ្ធតែសញ្ជាតិអាមេរិក ត្រូវបានចាប់ខ្លួន ខណៈទណ្ឌិតមេក្លោងគ្រឿងញៀនបន្ដរត់គេចខ្លួន
ភ្នំពេញ៖ ឧក្រិដ្ឋជន ៧នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីរំដោះអ្នកទោសដែលមន្រ្តីពន្ធនាគារបញ្ជូនមកព្យាបាលធ្មេញនៅក្រុងសៀមរាប ខណៈទណ្ឌិតមេក្លោងគ្រឿងញៀននោះបន្ដរត់គេចខ្លួន។
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញអំពីប្រតិបត្តិការលម្អិតបន្ថែម ក្នុងការតាមបង្ក្រាបក្រុមឧក្រិដ្ឋជនប្រដាប់អាវុធដែលបានធ្វើសកម្មភាពសម្រុកចូលទៅរំដោះ មេក្លោងគ្រឿងញៀនម្នាក់ នៅខេត្តសៀមរាប ដែលត្រូវអនុវត្តទោស ៥២ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ហើយបញ្ជាឲ្យជួញដូរចេញពីពន្ធនាគារថែមទៀត។ ឧក្រិដ្ឋជនរៀបចំផែនការ ២ខែ ដើម្បីធ្វើសកម្មភាព ហើយសុទ្ធតែសញ្ជាតិអាមេរិក។
អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ តាមរយៈសន្និសីទសារព័ត៌មាន បានអះអាងថា រហូតមកដល់ពេលនេះ ឧក្រិដ្ឋជនចំនួន ៧នាក់ហើយ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្នុងនោះ មានខ្មែរសញ្ជាតិអាមេរិក ចំនួន ៦នាក់ (កាន់លិខិតឆ្លងដែនអាមេរិក) និងជនជាតិចិន សញ្ជាតិអាមេរិកម្នាក់ (កាន់លិខិតឆ្លងដែនអាមេរិក)។ ពួកគេជាឧក្រិដ្ឋជនស៊ីឈ្នួលដើម្បីធ្វើសកម្មភាព។
លោក ម៉ក់ ជីតូ បានបន្ថែមថា ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល ២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែមកហើយ។
លោកបានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុ ទី១៧ ខែសីហា ឆ្នាំ២០២៣ មានឧក្រិដ្ឋជន ៤នាក់ ជាអ្នកចូលធ្វើសកម្មភាពរំដោះដោយផ្ទាល់នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាលនៅក្នុងពន្ធនាគារប៉ុន្ដែមិនធូរស្រាល។
ក្រៅពីឧក្រិដ្ឋជន ៤នាក់ ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នាជាមួយកម្លាំងសមត្ថកិច្ច។
អគ្គស្នងការនគរបាលជាតិ បានរៀបរាប់ទៀតថា ក្រោយកើតហេតុភ្លាមៗ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលទាំងអស់ បានរួមគ្នាធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានដែលពួកគេរត់ពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ ដើម្បីលាក់ខ្លួនបណ្ដោះអាសន្ន។
នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់បានទីតាំងដែលឧក្រិដ្ឋជនលាក់ខ្លួន និងឈានដល់ការចាប់ខ្លួនបានជាបន្ដបន្ទាប់ នៅយប់ថ្ងៃទី១៨ ខែសីហា ចំនួន ៧នាក់។ ដោយឡែក សម្រាប់មេក្លោងពិរុទ្ធជននោះ បានរត់គេចខ្លួនចេញទៅក្រៅប្រទេស។
លោក ម៉ក់ ជីតូ បានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចកម្ពុជា បានដឹងទីតាំងប្រទេសដែលមេក្លោងនោះរត់ទៅលាក់ខ្លួនហើយ ហើយកំពុងតែសហការគ្នាយ៉ាងស្អិតរមួតជាមួយប្រទេសជិតខាង ដើម្បីតាមការចាប់ខ្លួនឲ្យខាងតែបាន និងយកមកផ្ដន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងបំផុត មិនអាចលើកលែងបានឡើយ។ កម្លាំងសមត្ថកិច្ចតាមព្រំដែនក៏កំពុងសហការគ្នា ដើម្បីស្រាវជ្រាវបន្ដទៀតផងដែរ៕