សៀមរាប៖ ស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត បានប្រាប់ EAC News នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ តាមទូរស័ព្ទថា ឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសអំឡុងពេលបញ្ជូនមកធ្វើធ្មេញនៅខេត្តសៀមរាប មកដល់ពេលនេះសមត្ថកិច្ចបង្ក្រាបបានមួយចំនួន ខណៈលោកមិនទាន់អាចបញ្ចាក់ចំនួនដែលឃាត់ខ្លួនបាននៅឡើយទេ។
លោក តេង ច័ន្ទណាត បានឱ្យដឹងទៀតថា លោកមិនទាន់អាចធ្វើអត្ថាធិប្បាយជុំវិញការឃាត់ខ្លួនឧក្រិដ្ឋជនទាំងនោះបាននៅឡើយ ដោយសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ ស៊ើបអង្កេត។
យោងតាមអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសអំឡុងពេលបញ្ជូនមកធ្វើធ្មេញនៅខេត្តសៀមរាប មកដល់ពេលនេះសមត្ថកិច្ចបង្ក្រាបបានចំនួន ៦នាក់ហើយ។
លោក នេត សាវឿន បានឱ្យដឹងទៀតថា មេក្លោងដែលជាអ្នកទោសនោះ មិនទាន់ចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់។
គួរឱ្យដឹងដែរថា អ្នកទោសជនជាតិចិនដែលបក្សពួកមករំដោះទៅនោះជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥២ឆ្នាំ កាលពីឆ្នាំ២០០៩ ហើយក្នុងពេលអនុវត្តទោសនៅក្នុងពន្ធនាគារ អ្នកទោសរូបនេះមានជំងឺឈឺចាប់មាត់ធ្មេញ ពិបាកទទួលទានអាហារ ត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនមកព្យាបាល ប៉ុន្តែមិនធូរស្បើយ។
លុះដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវជាថ្ងៃដែលគ្រូពេទ្យបានណាត់ជួបអ្នកជំងឺ មន្ត្រីពន្ធនាគារខេត្តសៀមរាបបានបញ្ជូនអ្នកទោសរូបនោះមកព្យាបាល ខណៈពេលពេទ្យកំពុងព្យាបាលនោះ ក៏ស្រាប់តែឧក្រិដ្ឋជនមួយក្រុមប្រដាប់ដោយអាវុធ ចូលមកភ្ជង់ហើយរំដោះអ្នកទោសបានសម្រេច៕