
សម្តេចក្រឡាហោម ស ខេង៖ យើងត្រូវបន្ដពង្រឹងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយផ្អែកទៅលើបរិបទជាក់ស្ដែង នយោបាយ សង្គមនិងសេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ផ្អែកតាមមេរៀន និងបទពិសោធន៍អន្ដរជាតិបានបង្ហាញថា ដំណើរការប្រជាធិបតេយ្យនៅប្រទេសមួយអាចរីកចម្រើន និងឋិតថេរគង់វង្សទៅបាន លុះត្រាតែដំណើរការប្រជាធិបតេយ្យនោះ ចូលរួមថែរក្សា ការពារបាននូវអត្តសញ្ញាណជាតិ វប្បធម៌ និងសេចក្ដីថ្លៃថ្នូរក្នុងសង្គម។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមហាផ្ទៃនៅទី១៧ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) សម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា៖ «ឈរលើមូលដ្ឋានខាងលើនេះ យើងត្រូវបន្ដពង្រឹង និងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយផ្អែកទៅលើបរិបទជាក់ស្ដែង និងនយោបាយ សង្គម ព្រមទាំងសេដ្ឋកិច្ចផងដែរ»។
សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងទៀតថា ឆ្លងតាមដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ បានបង្ហាញយ៉ាងច្បាស់អំពីឆន្ទ: ការប្ដេជ្ញាចិត្ត ការគាំទ្រ និងការចូលរួមប្រកបដោយភាពចាស់ទុំខាងនយោបាយ របស់ប្រជាជនកម្ពុជា ដើម្បីធានាដល់ការពង្រឹងសន្ដិភាព ស្ថិរភាព សម្រាប់បន្ដការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនជាបន្ដទៀត។
ក្នុងឱកាសនោះដែរ សន្តេចក្រឡាហោមក៏បានលើកឡើងពីសមិទ្ធផលធំៗ ចំនួន៨ ដែលសម្តេចក្រឡាហោម បានខិតខំពុះពារសម្រេចបាន និងបានបញ្ចាក់ថា ក្នុងរយៈពេលជាង ៣០ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បានរួមគ្នាកសាងក្រសួងមហាផ្ទៃឱ្យក្លាយទៅជាស្ថាប័នមួយដែលរឹងមាំ និងអាចរ៉ាប់រង អនុវត្ត សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន។
ទន្ទឹមនោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សមិទ្ធផល និងស្នាដៃដែលក្រសួងមហាផ្ទៃសម្រេចបាន មិនមែនកើតឡើងដោយរូបសម្ដេចផ្ទាល់ ម្នាក់ឯងនោះឡើយ ពោលគឺមានការចូលរួមខិតខំ ប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ។ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជំនាន់ ដែលបានចូលរួមទទួលខុសត្រូវជាមួយសម្ដេច ក្នុងការដឹកនាំ និងចូលរួមបំពេញតួនាទី របស់ក្រសួងឱ្យសម្រេចបាននូវស្នាដៃជាច្រើន ជូនជាតិ និងប្រជាជនកម្ពុជា៕