របាយការណ៍ចុងក្រោយរកឃើញថាកម្ពុជាមានទីតាំងបេតិកភណ្ឌវប្បធម៍ ២៧កន្លែងក្នុងតំបន់ការពារធម្មជាតិទាំង៧៣
ភ្នំពេញ៖ របាយការណ៍នៃការស្រាវជ្រាវរួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងវប្បធម៌បង្ហាញថាមានទីតាំងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ការពារធម្មជាតិចំនួន ២៧កន្លែង ក្នុងតំបន់ការពារធម្មជាតិទាំងអស់ ៧៣កន្លែងទូទាំងប្រទេស។ រដ្ឋមន្ត្រីវប្បធម៌បានលើកឡើងថាការរកឃើញនេះជាតឹកតាងប្រវត្តិសាស្ត្រ អរិយធម៌ ប្រពៃណី និងព្រលឹងដូនតាខ្មែរតាំងពីសម័យបុរេប្រវត្តិមក។
ការរកឃើញនេះត្រូវបានផ្សព្វផ្សាយក្នុងពិធី «ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ» រួមគ្នារវាងក្រសួងវប្បធម៌ និងក្រសួងបរិស្ថានកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងបរិស្ថាន។
អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិលោក សេង សោត បានលើកឡើងថាសមិទ្ធផលដែលទទួលបាននេះមានសារប្រយោជន៍ដល់សង្គមជាតិ ដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងមរតកវប្បធម៌ឱ្យបានគង់វង្ស។
លោកថាតំបន់ការពារធម្មជាតិចំនួន ២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ គឺមិនបានរាប់បញ្ចូលតំបន់ការពារទេសភាពអង្គរ តំបន់ការពារទេសភាពព្រះវិហារ និងតំបន់ការពារទេសភាពសម្បូរព្រៃគុក ដែលមានព្រះរាជក្រឹត្យនិងមានអង្គភាពគ្រប់គ្រងដោយឡែករួចទៅហើយនោះទេ។
លោកបន្ថែមថា ក្នុងការរកឃើញនេះគ្រាន់តែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ មានចំនួនរហូតដល់ទៅ ១ ០៦៩កន្លែង។
រដ្ឋមន្ត្រីវប្បធម៌លោកស្រី ភឿង សក្ខណា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងទាំង២ ក្នុងគោលបំណង ចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំងស្ថិតក្នុងតំបន់ការពារធម្មជាតិ និងជាតឹកតាងប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទំលាប់សាសនា និងព្រលឹងដូនតាបុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។
គួរបញ្ជាក់ថា នៅអាណត្តិទីមួយនៃព្រះរាជាណាចក្រកម្ពុជាទី២ រាជរដ្ឋាភិបាលបានបង្កើតតំបន់ការពារធម្មជាតិចំនួន ២៣កន្លែង តាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ប៉ុន្តែ នេះមិនមែនមានន័យថា ព្រះរាជាណាចក្រកម្ពុជាទើបចាប់ផ្តើមបង្កើតតំបន់ការពារធម្មជាតិនោះទេ។ ជាអាទិ តំបន់អង្គរ ធ្លាប់មានងារជាឧទ្យានជាតិតាំងពីឆ្នាំ១៩២៥ មកម៉្លេះដែលជាតំបន់ការពារធម្មជាតិទី១នៅកម្ពុជា ហើយក៏ជាតំបន់ការពារធម្មជាតិទី១ នៅអាស៊ីអគ្នេយ៍៕





          
 
 
 
 
