ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

ធនាគារពិភពលោក៖ កំណែទម្រង់គុណភាពអប់រំមធ្យមសិក្សាផ្តល់អត្ថប្រយោជន៍ដល់សិស្សជាងកន្លះលាននាក់

ភ្នំពេញ៖ សិស្សានុសិស្សជិតកន្លះលាននាក់ ក្នុងនោះមានក្មេងស្រីជាង ៥២ភាគរយ ទទួលបានអត្ថប្រយោជន៍ពីការកែលម្អដំណើរការរបស់សាលារៀន អគារសិក្សានិងគ្រឿងបរិក្ខារ និងការបង្កើនសមត្ថភាពរបស់គ្រូ និងគណៈគ្រប់គ្រងសាលាឱ្យកាន់តែប្រសើរឡើងតាមរយៈជំនួយរបស់គម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សាដែលគាំទ្រថវិកាដោយធនាគារពិភពលោក។

របាយការណ៍របស់ធនាគារពិភពលោកបានឱ្យដឹងថា គម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សា (Secondary Education Improvement Project/SEIP) បានខិតខំជួយការអប់រំកម្រិតមធ្យមសិក្សា ឱ្យសម្រេចបានស្តង់ដារអប្បបរមា តាមរយៈកិច្ចអន្តរាគមន៍បែបនវានុវត្តន៍ជាច្រើន។ សមិទ្ធផលទទួលបានរួមមាន ដំណើការសាលារៀន ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពរបស់គ្រូ និងរបស់ថ្នាក់ដឹកនាំសាលារៀន ទទួលបានការកែលម្អកាន់តែប្រសើរ ខណៈសិស្សចំនួន ៤៥៣ ៨៣៨នាក់ ក្នុងនោះ ៥២ភាគរយជាក្មេងស្រី ទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។

ធនាគារពិភពលោកឱ្យដឹងថា គម្រោងនេះបានបង្កើតឱ្យមានតម្រូវការខ្ពស់លើការអប់រំប្រកបដោយគុណភាពពីមាតាបិតា និងសហគមន៍ ដែលបានដាក់ចេញនូវរបៀបគ្រប់គ្រងតាមសាលារៀន ដើម្បីបង្កើនស្វ័យភាព គណនេយ្យភាព និងការវាយតម្លៃរបស់ខ្លួន ហើយមាតាបិតា និងសហគមន៍ទទួលបានព័ត៌មាន ពេញលេញអំពីដំណើរការរៀនសូត្ររបស់សិស្ស និងអំពីការបំពេញកិច្ចរបស់សាលារៀន ហើយពួកគាត់បានចូលរួមយ៉ាងសកម្មក្នុងការអប់រំរបស់កូនពួកគាត់ទៀតផង។

ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា និងអ្នកតំណាងសហគមន៍បានទទួលការបណ្តុះបណ្តាល និងការណែនាំគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តតួនាទីរបស់ខ្លួឱ្យកាន់តែមានប្រសិទ្ធភាព។ ម៉្យាងទៀត ការទូទាត់ផ្តល់ថវិកាផ្អែកលើសមិទ្ធផលការងារ បានផ្តល់នូវភាពបត់បែន និងប្រសិទ្ធភាពនៃការចំណាយ ដូចជាការផ្តល់ហិរញ្ញប្បទាននៃការចំណាយ លើវិធានការឆ្លើយតបនឹងជំងឺរាតត្បាត ឧទាហរណ៍ដូចជា ការផ្តល់កុំព្យូទ័រយួរដៃដល់លោកគ្រូអ្នកគ្រូដើម្ប់អនុវត្តការបង្រៀនពីចម្ងាយ ការផលិតវីដេអូបង្រៀន ការផ្តល់សាច់ប្រាក់សម្រាប់សេវាអ៊ិនធឺណិត ការបណ្តុះបណ្តាលលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ [ICT] ជាដើម)។

របាយការណ៍ដដែលបានឱ្យដឹងថា ជាលទ្ធផលគម្រោងនេះមាន សាលារៀនចំនួន៩៤ ក្នុងចំណោម១០០ សម្រេចបានស្តង់ដារអប្បបរមានៃស្តង់ដារសាលារៀនដែលមានប្រសិទ្ធភាព ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីសំណាក់មាតាបិតា និងសហគមន៍ក្នុងការរៀបចំផែនការកែលម្អសាលារៀន ក្នុងការត្រួតពិនិត្យការអនុវត្តការងាររបស់សាលា និងក្នុងការទាក់ទាញធនធានហិរញ្ញវត្ថុពីខាងក្រៅ ។

ធនាគារពិភពលោកបានបញ្ចាក់ថា គម្រោងនេះចំណាយថវិកាអស់ចំនួន ៤១,៤លានដុល្លារអាមេរិក ក្នុងនោះឥណទាន ពីធនាគារពិភពលោក ចំនួន ៤០,៥០លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាភិបាលចំនួន ០,៩លានដុល្លារអាមេរិក។ ថវិកាបដិភាគពីរដ្ឋាភិបាលកម្ពុជា គឺជាប្រាក់លើកទឹកចិត្តដល់មន្ត្រីរាជការដែលចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោង។

គួរបញ្ចាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចាត់តាំងនាយកដ្ឋាន និងបុគ្គលិកគាំទ្រដល់ការអនុវត្តគម្រោងនេះ ដោយផ្អែកលើតួនាទី និងការទទួលខុសត្រូវផ្លូវការរបស់ខ្លួន ស្របតាមរចនាសម្ព័ន្ធរបស់ក្រសួង ដើម្បីអនុវត្តសកម្មភាពស្នូលរបស់គម្រោង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក