ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ឯម ច័ន្ទមករា បញ្ជាក់ថានឹងខិតខំរកដៃគូអភិវឌ្ឍន៍បន្ថែមដើម្បីជួយដល់ជនមានពិការភាពនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បាននាំយករទេះរុញដែលជាអំណោយរបស់ប្រជាជនជប៉ុន ជូនដល់ជនដែលមានពិការភាពនៅមជ្ឈមណ្ឌលបុរីទារកនិងកុមារជាតិ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក ឯម ច័ន្ទមករា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រុមប្រឹក្សាសកម្មភាពជនពិការពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលជាប្រធានកិត្តិយស និងពីសំណាក់ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក វង សូត ដែលកន្លងមកថ្នាក់ដឹកនាំតែងតែមានភាពយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខការលំបាករបស់ជនដែលមានពិការភាពជាពិសេសពិការផ្នែកអូទីហ្សឹមដោនស៊ីនដ្រូមឬ ខ្សោយសតិបញ្ញា។

លោកបានបង្ហាញពីការអាណិតអាសូរ និងការយកចិត្តទុកដាក់ចំពោះជនដែលមានពិការភាព ដោយកន្លងមកនេះលោកបានបញ្ជាក់ថា នៅក្នុងច្បាប់ថ្មីស្តីពីកិច្ចការពារនិងការលើកកម្ពស់សិទ្ធិជនពិការ សេចក្តីព្រៀងច្បាប់ថ្មី គឺបានសសេររៀបរាប់ជាច្រើនពីការយកចិត្តទុក្ខដាក់ទៅលើជនដែលមានអូទីស្សីម ខ្សោយសតិបញ្ញា ដែលនោះគឺជាការបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៅលើស្ថានភាពការរស់នៅរបស់ជនមានពិការភាពនៅក្នុងមជ្ឈមណ្ឌលរដ្ឋ ឬឯកជន។

ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា លោកនឹងខិតខំរកដៃគូអភិវឌ្ឍន៍ដើម្បីជួយដោះស្រាយ គាំទ្រអំពីដំណើរការរបស់មជ្ឈមណ្ឌលជាពិសេសជនដែលមានពិការភាព។

រដ្ឋលេខាធិការរូបនេះបានលើកឡើងថាកន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់នៅលើវិស័យពិការភាព ក្នុងនោះមានច្បាប់ជនពិការ មានលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធទៅនឹងពិការភាពដែលសំដៅលើការលើកកម្ពស់ជីវភាពរស់នៅ ជិវិតសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាពធ្វើយ៉ាងណាឱ្យជនមានពិការភាពរស់នៅដោយមានសុភមង្គលដូចជនមិនមានពិការភាព។ លោកក៏បានកោតសសើរទៅដល់ប្រធានមជ្ឈមណ្ឌល និងលោកគ្រូ អ្នកគ្រូដែលជាអាណាព្យាបាលសិស្សទាំងអស់ដែលបានយកចិត្តទុកដាក់មើលថែជនមានពិការភាពក្មេង ចាស់ទាំង ១៧១នាក់នៅក្នុងមជ្ឈមណ្ឌលនេះ។

គួរឱ្យដឹងដែរថា នេះជាលើកទី២ ហើយដែលមជ្ឈមណ្ឌលបានទទួលអំណោយជារទេះរុញ សរុប មកទល់ពេលនេះ ចំនួន ៤០គ្រឿងហើយ។ កុមារនៅក្នុងមជ្ឈមណ្ឌលបុរីទារក និងកុមារជាតិនេះ ជាកុមារត្រូវបានឪពុកម្តាយបោះបង់ចោល នៅតាមមន្ទីពេទ្យ តាមសហគមន៍ និងមុខមណ្ឌលផងដែរ។

ក្នុងនោះមាន កុមារពិការខួរក្បាល និងអូទីស្សីម ចំនួន ៤២នាក់ កុមារដោនស៊ីនដ្រូម ៦នាក់ ពិការខួរក្បាលនិងដៃជើង ៤៥នាក់ ពិការរាងកាយនិងដៃជើង ៥១នាក់ ពិការភ្នែក និងអូទីស្សីម ១នាក់ ពិការភ្នែក និងផ្ទុកមេរោគអេដស៍ ១នាក់ ផ្ទុកមេរោគអេដស៍ ១៣នាក់ ខ្សោយប្រាជ្ញា ៥នាក់ និងកុមារធម្មតា ៦នាក់។ ជាមួយគ្នានេះ កុមារ ៧៥នាក់ អាចញ៉ាំខ្លួនឯងបាន ចំនួន ៩៥នាក់ត្រូវការអ្នកថែទាំបញ្ចុក កុមារ ៣៥នាក់ញ៉ាំបបររ៉េហ្សីម និងកុមារ ៣០នាក់ លេបថ្នាំប្រកាច់ជារៀងរាល់ថ្ងៃ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក