
ក្រសួងសុខាភិបាលបិទសិប្បកម្មតែ “ហ៊ឺបខ្មែរ Herb Khmer" ដោយសារមានផ្ទុកសារធាតុដល់ប៉ះពាល់ដល់សុខភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសបិទសិប្បកម្ម លីង កិន និងវៀចខ្ចប់តែ “ហ៊ឺបខ្មែរ Herb Khmer » ឈោ្មះហៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានផ្ទុកសារធាតុ Betamethasone និង Meloxicam ប៉ះពាល់ដល់សុខភាពនិងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលបន្តទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថាក្រសួងនឹងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ “ហ៊ឺបខ្មែរ Herb Khmer” ដែលមានអាស័យដ្ឋាន ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងប្រមូលផលិតផលខាងលើយកមកកម្ទេចចោល ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ដែលបានផលិតមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ កន្ទួតព្រៃសុខភាព ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ ម្សៅកន្ទួតព្រៃអាយុវង (AMLA GINGER & CURCUMIN)។
យោងតាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ផលិតផលម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានទម្ងន់១២០ក្រាម ក្នុងមួយដបកែវ (ដូចមានរូបផលិតផលភ្ជាប់មកជាមួយ) ដែលបានផ្សព្វផ្សាយលក់តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ កន្ទួតព្រៃសុខភាព មានដាក់សារធាតុ Betamethasone និង Meloxicam ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់។
ក្រសួងសុខាភិបាលគូសបញ្ជាក់ថា៖«សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ផលិតផលខាងលើនេះជាបន្ទាន់»។
យោងតាម Drugbank.com សារធាតុ Betamethasone គឺជាសារធាតុដែលប្រឆាំងនឹងការរលាក ខណៈ Meloxiam គឺជាសារធាតុដែលដាក់ដើម្បីបំបាត់ការឈឺចាប់ តែនៅពេលដែលសារធាតុទាំងពីរនេះត្រូវបានផ្សំលាយបញ្ជូលគ្នាហើយអ្នកប្រើប្រាស់បរិភោគទៅអាចប្រឈមនឹងភាពរលាកធ្ងន់ធ្ងរនៃពោះវៀន៕