បន្ទាយមានជ័យ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស លោកនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់ចេញអនុសាសន៍៤ចំណុច ក្នុងនោះ១-ធនធានមនុស្ស អង្គភាពត្រូវមានធនធានមនុស្សប្រកបដោយសមត្ថភាពដើម្បីបម្រើជាតិមាតុភូមិប្រកបដោយឆន្ទៈមនសិកា ២-គ្រឿងបំពាក់ សម្រាប់អង្គភាព, ៣-ជំរំ ជម្រក ដើម្បីរស់នៅ រៀនសូត្រ និងកន្លែងធ្វើការសមរម្យ និងទី៤ ការចិញ្ចឹម ថែរក្សាសុខមាភាពអាវុធហត្ថក្រោមឱវាទ និងបន្តយកចិត្តទុក្ខដាក់លើជីវភាពរស់នៅរបស់យោធិនចូលនិវត្តន៍។
លោក នាយឧត្ដមសេនីយ៍ សៅ សុខា ដាក់ចេញអនុសាសន៍ធ្វើឡើងក្នុងពិធី សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសមិទ្ធិផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំណាយជាង៥៧ម៉ឺនដុល្លារ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
លោកមេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស បានណែនាំបន្ថែមដល់កងរាជអាវុធហត្ថ ត្រូវអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ អនុវត្តតាមឋានានុក្រមវិន័យនៃកងយោធពលខេមរភូមិន្ទ ច្បាប់របស់រដ្ឋ តាមបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថឱ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ផងដែរថា សមិទ្ធិផលដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រួមមាន អគារស្នាក់នៅមានទំហំ៨៤៤ម៉ែត្រការ៉េ (មានបណ្តោយ១១ ម៉ែត្រ និងទទឹង ២២.៣ ម៉ែត្រ) មានកម្ពស់ ០៣ ជាន់។
អគាររដ្ឋបាលមានបណ្ដោយ ១៧.៧៥ ម៉ែត្រXទទឹង ២២.៣០ម៉ែត្រមានបន្ទប់ធ្វើការចំនួន០៦បន្ទប់ បន្ទប់ទឹក០៦ បន្ទប់ និងបន្ទប់ឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន០១បន្ទប់ និងឃ្លាំងសម្ភារៈ ០១បន្ទប់ ។ អគារប្រចាំការមានបណ្តោយ ៤.៨ ម៉ែត្រ ទទឹង ១២.៣ ម៉ែត្រ រួមនឹងសមិទ្ធិផលនានា សរុបថវិកាចំណាយក្នុងការសាងសង់ និងទិញឧបករណ៍ គ្រឿងបំពាក់ អស់ទឹកប្រាក់សរុបចំនួន ៥៧៤,៩១៤ដុល្លារ។
នាឱកាសនោះផងដែរលោកនាយឧត្តសេនីយ៍ សៅ សុខា ក៏បានអញ្ជើញសំណេះសំណាលជាមួយអតីត យោធិនចូលនិវត្តន៍ ពិការ និងគ្រួសារពលី មរណ: ចំនួន៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលផងដែរ៕