ស្នងការខេត្តកំពតទទួលយកការសុំទោសពីក្រុមហ៊ុនពិភពដីមាស និងស្នើឱ្យរកដំណោះស្រាយដល់ពលរដ្ឋកំពុងមានបញ្ហាឱ្យបានឆាប់
កំពត៖ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានទទួលនូវការសុំទោសរបស់ក្រុមហ៊ុនពិភពដីមាស និង ស្នើឱ្យក្រុមហ៊ុនរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជាមួយធនាគារអោយបានឆាប់។
តាមរយៈសាររបស់ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា៖ «ខ្ញុំទទួលនូវការសុំទោសរបស់ក្រុមហ៊ុនពិភពដីមាស ហើយខ្ញុំក៏មិនដែលមានការគុំគួនអ្វីជាមួយក្រុមហ៊ុននោះដែរ ខ្ញុំគ្រាន់តែអនុវត្តទៅតាមតួនាទីភារៈកិច្ចនិងរកយុត្តិធម៏ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ជាចុងក្រោយសូមក្រុមហ៊ុនរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជាមួយធនាគារអោយបានឆាប់ មិនមែនខ្ញុំទទួលនូវការសុំទោសហើយនិតិវិធីទៅតុលាការត្រូវបានបញ្ចប់នោះទេ ដរាបណាប្រជាពលរដ្ឋមិនទាន់មានដំណោះស្រាយពីក្រុមហ៊ុន និតិវិធីនៅតែបន្ត»។
សារលិខិតសូមទោសជាសាធារណៈរបស់ក្រុមហ៊ុន ពិភពដីមាស បញ្ជាក់ថា កន្លងមកនេះក្រុមហ៊ុនពិតជាបានសាងនូវកំហុសខុសឆ្គងដ៏ធំលើស្នងការ និងស្ថាប័នស្នងការដ្ឋាននគរបាលខេត្ត ដែលតែងតែក្រើនរំលឹកដល់ក្រុមហ៊ុនឲ្យពន្លឿនក្នុងការដោះស្រាយនូវទុក្ខកង្វល់ដល់អតិថិជនរបស់។
លិខិតរបស់ក្រុមហ៊ុនពិភពដីមាស ឱ្យដឹងទៀតថា ក្រុមហ៊ុនមិនទាន់បានឆ្លើយតបឲ្យបានទាន់ពេលវេលា ដល់ស្នងការ និងស្ថាប័ន ក៏ត្រូវបានជួបទៅនឹងវិបត្តិធ្ងន់ធ្ងរជាលំដាប់ ព្រោះតែភាពងងិតងងុល និងលទ្ធភាពរបស់ក្រុមហ៊ុននៅមានកម្រិត បូកផ្សំជាមួយនឹងភាព មិនអំណោយផលលើគោលវិធីនៃការសម្របសម្រួលដោះស្រាយ។
លិខិតសុំទោសដដែលគូសបញ្ចាក់ថា កុំមានសេចក្តីមន្ទិលសង្ស័យលើស្នងការនគរបាលខេត្តកំពត និងស្ថាប័ន ថាជាការផ្តើម ឬបង្កហេតុនៃកំហុសនោះតទៅទៀត ព្រោះគ្រប់យ៉ាងគឺជាកំហុសខុសឆ្គងទាំងស្រុងរបស់ក្រុមហ៊ុនសុទ្ធសាធតែប៉ុណ្ណោះ។
សារលិខិតសូមទោសជាសាធារណៈរបស់ក្រុមហ៊ុនពិភពថ្មីដីមាសមានខ្លឹមសារថា៖ «ទោះក្រុមហ៊ុន នៅមានពេលវេលាតិចក្នុងការសុំទោសដោយផ្ទាល់នៅចំពោះមុខ ឯកឧត្តមស្នងការ និងស្ថាប័ន ក៏ក្រុមហ៊ុនត្រូវតែសម្រេចសុំទោសជាសាធារណៈទុកជាមុនឲ្យហើយ ក្រែងពុំមានឱកាសចុងក្រោយ។ ក្រុមហ៊ុន នៅតែសម្ដែងនូវការសោកស្តាយជាទីបំផុត និងសូមគោរពស្នើសុំការអភ័យទោសពី ឯកឧត្តមស្នងការ និងស្ថាប័ន ចំពោះផលប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ការគិតគូរសុខទុក្ខរបស់ប្រជារាស្ត្រ របស់ឯកឰត្តមស្នងការ និងស្ថាប័ន ដែលកើតមានឡើងដោយសារក្រុមហ៊ុនផង»។
គួរឱ្យដឹងដែរថា ម្ចាស់ដីឡូត៍ពិភពដីមាស ដែលមហាជនស្គាល់ថាជាឧកញ៉ា ហ៊ី គឹមហុង កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមទាំងអង្គរក្សចំនួន១៣នាក់ក្រោយពីបង្កហិង្សាដាក់សមត្ថកិច្ចស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ហើយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើសមួយចំនួន គឺអំពើឆបោកមានស្ថានភាពទម្ងន់ទោស ពាក់ព័ន្ធនឹងការញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់៕