បទយកការណ៍៖ បុគ្គលបម្រើការក្នុងសេវាកម្សាន្តសប្បាយចិត្តពេលដែលរដ្ឋាភិបាលបង្ហាញការយកចិត្តទុកដាក់
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ និងអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីដែលបម្រើការនៅតាមរង្គសាល ឌីស្កូតក ខារ៉ាអូខេ បៀរហ្គាឌិន កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានដែលរដ្ឋនឹងរ៉ាប់រងនូវចំណាយទាំងស្រុង។
ទន្ទឹមនោះ ក្រុមការងារចម្រុះមកពីក្រសួងផែនការ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងអាជ្ញាធរខណ្ឌដូនពេញ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានរៀបចំយុទ្ធនាការចុះសម្ភាសផ្តល់បណ្ណសមធម៌ និងបណ្ណមូលនិធិសមធម៌សុខាភិបាល (បណ្ណ ម.ស.ស.) ជូនដល់បុគ្គលដែលបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាព ខណៈយុទ្ធនាការនេះ បានរៀបចំឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១១ និងថ្ងៃទី១២ ខែសីហា នៅរម្មនីយដ្ឋានវត្តភ្នំ ដើម្បីសម្ភាសអ្នកធ្វើការនៅក្នុងវិស័យសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរស់នៅក្នុងសង្កាត់ស្រះចក និងវត្តភ្នំ។
ថ្លែងទាំងអារម្មណ៍រំភើបរីករាយ អ្នកស្រី ញឹម ស្រីលីន ដែលជាអ្នកបម្រើការងារនៅក្នុងបៀហ្គាឌិនមួយរូបកំពុងអង្គុយចាំចូលទៅសម្ភាស៍ដើម្បីទៅទទួលបណ្ណសមធម៌បានលើកឡើងថា បណ្ណមូលនិធិសមធម៌សុខាភិបាលនេះគឺអាចជួយសម្រួលបន្ទុកអ្នកស្រីបានច្រើនជាពិសេស ផ្នែកសុខភាពដែលអាចឱ្យអ្នកស្រីពិនិត្យព្យាបាលដោយមិនគិតថ្លៃ។
អ្នកស្រីថា៖ «នេះល្អជួយដល់ប្រជាជនបានច្រើន ទាំងពេទ្យ ទាំងអី (ពិនិត្យ/ព្យាបាល) មួយចប់។ ខ្ញុំអរគុណដល់រាជរដ្ឋាភិបាលដែលអាចបានជួយប្រជាជនបានច្រើន»។
មានវ័យ ២៨ឆ្នាំ អ្នកស្រី ហឿន ជីវ៉ា ដែលជាស្រីម៉េម៉ាយនិងមានកូនពីរ ជាអ្នកបម្រើការក្នុងសេវាកម្មកម្សាន្តមួយរូបដែរ បានសម្តែងក្តីរីករាយ ដោយថាបណ្ណសមធម៌នេះនឹងបានជួយសម្រាលបន្ទុកក្នុងគ្រួសារអ្នកស្រីបានមួយផ្នែកធំផងដែរ ព្រោះការចំនាយក្នុងគ្រួសារគឺមានការខ្វះខាត ដូច្នេះអ្នកស្រីមិនបារម្មណ៍ពីចំនាយបន្ថែមលើការពិនិត្យ ព្យាបាលពេលមានជំងឺ។
អ្នកស្រីថា៖ «អារម្មណ៍អរបំផុត អរទីមួយបានបណ្ណនឹងយើងស្រួលទៅពេទ្យវាអត់សូវអស់លុយច្រើន ព្រោះចូលពេទ្យវាមែន ១០-២០ម៉ឺន ចូលបានទេគឺរាប់រយ (ដុល្លារ) តែបើយើងមានបណ្ណវាល្អខ្លាំងវាជួយសុខភាពយើងបានច្រើនទៀត»។
អ្នកស្រី ហឿន ជីវ៉ា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានគិតគូផ្តល់បណ្ណសមធម៌នេះដើម្បីពិនិត្យព្យាបាលមិនគិតថ្លៃ។ អ្នកស្រីថា៖ «ដូចស្រីៗដូចខ្ញុំម៉េម៉ាយអញ្ចឹងគឺអត់លុយសម្រាប់ចូលពេទ្យហើយធ្វើការលុយវាតិច តិចណាស់ សម្រាប់បង់ថ្លៃផ្ទះមិនគ្រប់គ្រាន់ផង។ ខ្ញុំអរគុណដល់រដ្ខាភិបាលច្រើនបំផុតដែលបានជួយ»។
អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ គូសបញ្ចាក់ថាក្រុមគោលដៅដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមកសម្ភាស៍ទទួលបណ្ណនេះមិនមានកាតព្វកិច្ចបង់ជាវិភាគទានប្រចាំខែនោះទេ ខណៈនេះជារបបថែទាំសុខភាពមួយទ្រទ្រង់ដោយចវិការជាតិទាំងស្រុង។
លោកថា៖ «សម្រាប់ក្រុមគោលដៅដែលបងៗដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គឺគាត់មិនមានកាតព្វកិច្ចក្នុងការបង់ នេះជារបបថែទាំសុខភាពមួយដែលទ្រទ្រង់ដោយថវិការជាតិទាំងស្រុងតែម្តង ក្នុងការផ្តល់ជូនអត្ថប្រយោជន៍ដល់ពលរដ្ឋ»។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកផែនការនៃក្រសួងផែនការលោក ថេង បញ្ញាធន លើកឡើងថា បណ្ណសមធម៌ និងបណ្ណមូលនិធិសមធម៌សុខាភិបាល មានសារៈសំខាន់ណាស់សម្រាប់បុគ្គលបម្រើការក្នុងវិស័យសេវាកម្មកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីយកទៅទទួលសេវាថែទាំ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋនានា ដែលនេះគឺជាការជួយសម្រួលជីវភាពបានមួយចំណែកធំ។
លោកថ្លែងថា៖ «ដោយសារតែយើងគិតថាចំណូលរបស់គាត់ប៉ុណ្ណឹងបើសិនជាយើងមិនបានផ្តល់បណ្ណសមធម៌នេះទៅដល់ពួកគាត់ដូចកន្លងមកអញ្ចឹងគាត់ត្រូវចំណាយលុយច្រើនទៀត ប្រសិនបើគាត់មានបញ្ហាសុខភាពទៅពេទ្យអស់លុយច្រើន។ ឥលូវពេលនេះគាត់បានអាហ្នឹង (បណ្ណ) គឺជួយសម្រួលបានច្រើន បានមួយចំណែកធំថវិការគាត់រកបានគាត់អាចប្រើប្រាស់ទៅក្នុងផ្នែកផ្សេងៗទៀត»។
មិនខុសពីពលរដ្ឋខាងលើ អ្នកស្រី ទិន ម៉ូលីកា ជាបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ ក៏បានសម្តែងភាពរំភើបរីករាយ និង ថ្លែងអំណរគុណរាជរដ្ឋាភិបាលចំពោះការយកចិត្តទុកដាក់លើប្រជាជនគ្រប់ៗរូប ពិសេសលើការសុខមាលភាពចំពោះអ្នកក្រីក្រ ក៏ដូចជាបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អ្នកស្រីបានឱ្យដឹងថា៖ «សប្បាយចិត្ត ដែលគាត់ (រដ្ឋាភិបាល) បានជួយស្រ្តីអត់ៗ (ក្រីក្រ) បានឈឺ (ទៅពេទ្យ) អត់អស់លុយ។ ខ្ញុំថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលជួយពួកខ្ញុំក្រីក្រ ដែលអាចទៅពេទ្យអត់អស់លុយ»។
ស្ត្រីធ្វើការក្នុងសេវាកម្សាន្តត្រូវបានចាត់ទុកជាអតិភាពមួយក្នុងនយោបាយរបស់គណបក្សប្រជាជនក្នុងអាណត្តិទី៧នេះ។ កាលពីមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីគំនិតផ្តល់បណ្ណ ប.ស.ស. ដល់ស្រ្តីដែលធ្វើការក្នុងសេវាកម្មកម្សាន្តទាំងអស់ដើម្បីជួយសម្រាលការលំបាករបស់ពួកគេ។
សម្ដេចក៏បានតែងតាំងសម្ដេច ម៉ែន សំអន ជាប្រធានក្រុមសមាគមការពារស្ត្រីដែលធ្វើការសេវាកម្សាន្តថ្នាក់ជាតិ ខណៈប្រពន្ធរបស់អភិបាលខេត្តនីមួយៗត្រូវធ្វើជាប្រធានសមាគមតាមបណ្ដាខេត្តផងដែរ៕