ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបានបង្ក្រាបករណីចាប់ជំរិតធំមួយក្នុងខេត្តពាក់ព័ន្ធនឹងលុយ ១លានដុល្លារ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ២នាក់ បន្ទាប់ពីផ្ទុះអាវុធកក្រើកខេត្តកាលពីថ្ងៃទី១៣ ខែសីហា ម្សិលមិញ។
ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថាករណីនេះកើតឡើងនៅម៉ោង៦ព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីមានប្រជាពលរដ្ឋប្តឹងរាយការណ៍ថា មានករណីចាប់ជំរិតជនជាតិចិនម្នាក់នៅក្នុងសង្កាត់៣ ក្រុងព្រះសីហនុ មានក្រុមសង្ស័យមានគ្នា ២នាក់ ជាជនជាតិចិន។
លោកបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះកម្លាំងនគរបាលខេត្តបានធ្វើការស្រាវជ្រាវរហូតកំណត់អត្តសញ្ញាណរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាព និងបានដេញបង្ក្រាប។ បន្ទាប់ឃើញនគរបាលតាមចាប់ ជនសង្ស័យបានបើករថយន្តគេចតែបានជ្រុលទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរ បណ្តាលឲ្យរងរបួសបុរស ១នាក់ បន្ទាប់មកបន្តបើកគេចរហូតជ្រុលទៅបុករថយន្តម៉ាក Lexus 570 ពណ៌សហើយកម្លាំងសមត្ថកិច្ច ធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបាន។
ភ្លាមនោះ ជនសង្ស័យ ២នាក់ បានចុះពីរថយន្តដើម្បីរត់គេចខ្លួនដោយមានម្នាក់សៀតអាវុធខ្លី ១ដើមនៅចង្កេះ រត់ចូលក្នុងផ្សារ និងម្នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួច ១ដើមរត់ ពេលនោះកម្លាំងសមត្ថកិច្ចបានដេញ រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលមានអាវុធខ្លី ចំណែកជនសង្ស័យម្នាក់ទៀត ដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ច។
ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការផ្ទុះអាវុធ ២គ្រាប់ ទៅលើដីដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅត្រូវជើងខាងឆ្វេងរបស់ជនសង្ស័យ បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះម្នាក់ភេទប្រុស ជនជាតិចិន (រងរបួសកធ្ងន់ធ្ងរ) និងជនសង្ស័យ ១នាក់ ភេទប្រុសជនជាតិចិន (រងរបួសជើង) ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស ។
បច្ចុប្បន្នករណីខាងលើ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំជនសង្ស័យ ដើម្បីបន្តនីតិវិធីទៅតាមច្បាប់៕