អន្តរជាតិ៖ សេដ្ឋីក្រុមហ៊ុនហ្វេសបុក លោក Mark Zuckerberg បានលើកឡើងថាលោក Elon Musk ធ្វើហាក់បីដូចជាលេងសើចខណៈការកំណត់ថ្ងៃវ៉ៃគ្នាក៏មិនច្បាស់ ហើយកន្លែងវ៉ៃក៏អត់ច្បាស់ ដោយថាពេលនេះទៅលោកនឹងកំណត់ថ្ងៃវ៉ៃ ហើយទីតាំងលោកឱ្យសិទ្ធិទៅថៅកែ UFC ជាអ្នកកំណត់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Independent លោក Mark Zuckerberg ថា Elon Musk កំពុងតែបង្ហិនពេលវេលា និងថាវាគួរតែដល់ពេលដែលកំណត់ឱ្យច្បាស់លាស់ហើយ។
លោកថា៖ «ប្រសិនបើ Elon ធ្លាប់យកចិត្តទុកដាក់ចំពោះកាលបរិច្ឆេទពិតប្រាកដ និងព្រឹត្តិការណ៍ផ្លូវការ គាត់ដឹងពីរបៀបទាក់ទងខ្ញុំហើយ។ បើមិនដូច្នោះទេវាគួរតែដល់ពេលដើម្បីធ្វើឱ្យទៅមុខហើយ។ ខ្ញុំនឹងផ្ដោតលើការប្រកួតប្រជែងជាមួយណាដែលយកចិត្តទុកដាក់លើកីឡាប៉ុណ្ណោះ»។
រំលឹកផងដែរថា កាលពីខែមិថុនា លោក Zuckerberg បានយល់ព្រមប្រយុទ្ធជាមួយ Musk ក្នុងការប្រកួតប្រដាល់ដាក់ក្នុងទ្រុង បន្ទាប់ពីលោក Musk បានបង្ហោះសារនៅលើបណ្ដាញ X។ កាលនោះលោក Zuckerberg បានប្រាប់ឱ្យលោក Musk រើសទីតាំងប្រកួតភ្លាមៗបន្ទាប់ពីលោក Musk បានបបួលគាត់។ តែតាំងពីពេលនោះរហូតមកដល់ពេលនេះហាក់គ្មានការវិត្តន៍ណាមួយជាវិជ្ជមានទេក្រៅតែពី Musk បានបង្ហោះដើម្បីទាក់ទាញមនុស្សឱ្យចូលមើលគេហទំព័រ X របស់លោកប៉ុណ្ណោះ៕