ស្នងការភ្នំពេញបញ្ជាឱ្យចាត់វិធានការច្បាប់លើអធិការដ្ឋានរងខណ្ឌចំការមនម្នាក់ដែលប្រើអំពើហិង្សាដាក់ពលរដ្ឋ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការមនត្រូវអនុវត្តតាមច្បាប់ចំពោះលោកអធិការរងនគរបាលខណ្ឌចំការមនម្នាក់ដែលបានប្រើពាក្យសម្តីមិនសមរម្យ និងប្រើអំពើហិង្សាដាក់លើបុរសម្នាក់ដែលបើករថយន្តបុកខឿន និងលូដែលជាទ្រព្យសម្បត្តិរដ្ឋកាលពីយប់រំលងអាធ្រាតថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កាលពីយប់ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោកអធិការរងនគរបាលខណ្ឌចំការមនបានជិះម៉ូតូម៉ាក PCX បានចុះទៅឃាត់ម្ចាស់រថយន្តម៉ាក PRIUSដែលបានបើកទៅបុកខឿន និងលូ ដែលជាសម្បត្តិរដ្ឋ បណ្តាលឱ្យខូចខាតបន្តិចបន្តួច ហើយបានប្រើអំពើហិង្សាដល់លើបុរសជាម្ចាស់រថយន្តដោយប្រើកណ្តាប់ដៃដាល់បុរសជាម្ចាស់រថយន្តរហូតដល់សន្លប់។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ឱ្យEAC ដឹងថាជុំវិញករណីនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាដាច់ញ្ញតិឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការមនត្រូវចាត់វិធានការច្បាប់លើអធិការរងនគរបាលខណ្ឌចំការមនដែលបង្កហិង្សាលើប្រជាពលរដ្ឋ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់ដូច្នេះថា៖«ចំពោះប្រជាពលរដ្ឋដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ឬបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិជាសាធារណៈនេះ យើង(មន្ត្រីនគរបាល)គួរតែហៅគាត់(អ្នកល្មើសច្បាប់ចរាចរណ៍) ដើម្បីធ្វើកិច្ចសន្យា ឬការធ្វើសង និងផាកវិន័យទៅតាមច្បាប់ជាដើម។ ក្នុងនាមជាមន្ត្រីនគរបាល មន្ត្រីអនុវត្តច្បាប់មិនត្រូវបង្កហិង្សាលើប្រជាពលរដ្ឋដូច្នេះទេ»៕