កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

កម្ពុជាត្រៀមខ្លួនក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្របខណ្ឌអាស៊ានក្នុងឆ្នាំ២០២៥ខាងមុខ

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានសម្របសម្រួល និងរៀបចំកម្មវិធីកិច្ចរបស់ភាគីពាក់ព័ន្ធលើសក្តានុពលរបស់ប្រទេសកម្ពុជាក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល។

សេដ្ឋកិច្ចឌីជីថលគឺជាទម្រង់នៃសកម្មភាព និងដំណើរការសេដ្ឋកិច្ចដែលចរាចរនៅលើប្រព័ន្ធអ៊ីនធើណិតដោយមានជំនួយពីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលជំរុញឱ្យមានការតភ្ជាប់កាន់តែទូលំទូលាយបំផុតរវាងនិងក្នុងចំណោមមនុស្ស ពាណិជ្ជកម្ម ឧបករណ៍ទិន្នន័យ។ ព័ត៌មាន និងចំណេះដឹងទាំងនេះត្រូវបានប្រើប្រាស់ដើម្បីពង្រឹង និងពង្រីកសកម្មភាពផលិតកម្ម។

ថ្លែងក្នុងកិច្ចពិភាក្សាតាមក្រុម «ទស្សនៈរបស់ភាគីពាក់ព័ន្ធលើសក្តានុពលរបស់ប្រទេសកម្ពុជាក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល (Digital Economy Agreement)» រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្នុងសណ្ឋាគារអកវ៉ូតព្រីមៀរភ្នំពេញ អគ្គលេខាធិការរងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលលោក តាំង ងួនលី បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យសេដ្ឋកិច្ចឌីជីថលនេះតាមរយៈការដាក់ចេញគោលនយោបាយឌីជីថលចម្បងៗ។

បើតាមលោក តាំង ងួនលី បច្ចុប្បន្នកម្ពុជាមានក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការបង្កើតក្រុមការងារបច្ចេកទេសជំរុញ និងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ចំនួន ១៣ក្រុម ដែលមានសមាសភាពមកពីអន្តរក្រសួង ស្ថាប័ន ក៏ដូចជាការកំណត់អាទិភាពនៃការអភិវឌ្ឍវិស័យឌីជីថលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភាផងដែរ។

កម្មវិធីកិច្ចពិភាក្សានេះគឺជាផ្នែកមួយនៃការប្រមូលទិន្នន័យរបស់ការសិក្សាស្រាវជ្រាវរបស់អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. ទៅលើការវិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែងសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមក្នុងកិច្ចចរចា ក៏ដូចជាការរៀបចំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។ ពិភាក្សាលើ ពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន, ការការពារទិន្នន័យ ឯកជនភាព សុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងសន្តិសុខសាយប័រ បម្លាស់ទីរបស់អ្នកមានទេពកោសល្យឌីជីថល និងកិច្ចសហប្រតិបត្តិការ និង កិច្ចសហ-ប្រតិបត្តិការលើប្រធានបទថ្មីៗ។

ក្រុមការងារជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចូលរួមចរចាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ជាពិសេសកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្របខណ្ឌអាស៊ាន ដែលគ្រោងនឹងចាប់ផ្តើមចរចាក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារ គ.ស.ធ.ឌ. ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តការចូលរួម និងផ្តល់កិច្ចសហការ ក្នុងការផ្ញើធាតុចូលបន្ថែម តាមរយៈសារអេឡិចត្រូនិក digitaleconomy@mef.gov.kh ពាក់ព័ន្ធនឹងការគំរាមកំហែង ក៏ដូចជា កាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការចូលរួមរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលដ៏មានសារសំខាន់នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក