រាជរដ្ឋាភិបាលចាប់ផ្តើមយុទ្ធនាការសម្ភាសន៍ផ្តល់បណ្ណសមធម៌ជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការសម្ភាសន៍ផ្តល់បណ្ណសមធម៌ជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាព និង ដែលឆ្លើយតបនឹងលក្ខខណ្ឌ និងផ្តល់ឱកាសដល់បុគ្គលទាំងនោះទទួលបាននូវការគាំពារផ្នែកថែទាំសុខភាពដោយឥតបង់ថ្លៃ។
យុទ្ធនាការនេះបានប្រព្រឹត្តិទៅក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយមានកិច្ចសហការពីកម្មវិធីសហប្រជាជាតិរួមគ្នាស្ដីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី ក្រុមការងារ អន្តរក្រសួង-ស្ថាប័ន រួមមានក្រសួងផែនការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសាលារាជធានីភ្នំពេញ ដែលចាប់ផ្តើមនៅថ្ងៃទី ១១-១២ ខែសីហា ឆ្នាំ២០២៣។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ បញ្ចាក់ថាក្រុមគោលដៅដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមកសម្ភាស៍ទទួលបណ្ណនេះមិនមានកាតព្វកិច្ចបង់ជាវិភាគទានប្រចាំខែនោះទេ ខណៈនេះជារបបថែទាំសុខភាពមួយទ្រទ្រង់ដោយចវិការជាតិទាំងស្រុង។
លោកថា៖ «សម្រាប់ក្រុមគោលដៅដែលបងៗដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គឺគាត់មិនមានកាតព្វកិច្ចក្នុងការបង់ នេះជារបបថែទាំសុខភាពមួយដែលទ្រទ្រង់ដោយថវិការជាតិទាំងស្រុងតែម្តង ក្នុងការផ្តល់ជូនអត្ថប្រយោជន៍ដល់ពលរដ្ឋ»។
ជាមួយគ្នានេះ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកផែនការនៃក្រសួងផែនការលោក ថេង បញ្ញាធន បានបញ្ជាក់ថាយុទ្ធនាការក្នុងថ្ងៃនេះធ្វើឡើងដោយជ្រើសរើសយក២សង្កាត់គឺ សង្កាត់ស្រះចក និង សង្កាត់វត្តភ្នំ ក្នុងខណ្ឌដូនពេញ បន្ទាប់ពីយុទ្ធនាការ ២ថ្ងៃនេះហើយ ក្រុមការងារនឹងប្រគល់កិច្ចការងារទៅដល់អាជ្ញាធរតាមមូលដ្ឋានទាំងអស់បន្តអនុវត្តផ្តល់ជូនដល់គ្រប់ក្រុមគោលដៅ។ ពលរដ្ឋដែលបានមកធ្វើបណ្ណក្នុងយុទ្ធនាការ ២ថ្ងៃនេះនឹងទទួលបានបណ្ណអាចយកទៅប្រើប្រាស់នូវតាមមន្ទីរពេទ្យភ្លាមៗ។
លោក ថេង បញ្ញាធន គូសបញ្ជាក់ថា បណ្ណសមធម៌នេះគឺផ្តល់ជូនដើម្បីឱ្យក្រុមគោលដៅក្នុងកញ្ចប់សេវាថែទាំ និងព្យាបាលសុខភាព សម្រាប់តែប្រើប្រាស់ទៅព្យាបាលនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យរដ្ឋប៉ុណ្ណោះ មិនអាចយកទៅប្រើប្រាស់នៅតាមមន្ទីរពេទ្យឯកជននោះទេ។
គួរឱ្យដឹងដែរថា យន្តការអនុវត្ត និងការផ្តល់តាវកាលិក ក្រោមរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ត្រូវបានកំណត់ដោយប្រកាសអន្តរក្រសួង ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ហើយយុទ្ធនាការ នេះមានគោលបំណងផ្តល់ឱកាសជូនបុគ្គលដែលជាក្រុមគោលដៅទាំងអស់ទទួលបាននូវការគាំពារផ្នែកថែទាំសុខភាពដោយឥតបង់ថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណះ និងអត្ថប្រយោជន៍គាំពារសង្គមផ្សេងៗទៀត ពីរាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់”៕