សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងថា ទីសក្ការៈគោរពបូជាចំពោះព្រះអង្គចេក និង ព្រះអង្គចម ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីឱ្យក្រុមអ្នកជំនាញរបស់ក្រុសួងវប្បធម៌ និងវិចិត្រសិល្បៈជួសជុល និងកែលម្អឡើងវិញ។
រដ្ឋបាលខេត្តបិទទីសក្ការៈនេះដើម្បីជួសជុលនូវតួហោតម្កល់ព្រះអង្គចេក និងព្រះអង្គចមឡើងវិញ។ ក្រសួងវប្បធម៌ចាប់ផ្តើមជួសជុលចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតដល់ការជួសជុលបានបញ្ចប់ជាស្ថាពរ រដ្ឋបាលខេត្តនឹងធ្វើការ ជូនដំណឹងសារជាថ្មី។
តែយ៉ាងណា ពលរដ្ឋនៅតែអាចចូលក្នុងបរិវេណខាងមុខព្រះរាជដំណាក់បានជាធម្មតា និងអាចគោរពបូជាចំពោះព្រះអង្គចេក និងព្រះអង្គចម នៅទីសក្ការៈបូជាបណ្តោះអាសន្ន នៅខាងមុខច្រកចូលទីសក្ការៈ បូជាចំពោះព្រះអង្គចេក និងព្រះអង្គចម។
កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីក្រុងពាលីជួសជុលដំបូលហោ និងរៀបចំកែរលម្អរបរិស្ថានសំណង់ឡើងវិញនៅទីសក្ការៈ ព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប។
ទីសក្ការៈព្រះអង្គចេក ព្រះអង្គចម បច្ចុប្បន្នជាទីសក្ការៈពេញនិយមសម្រាប់ពលរដ្ឋដែលមកកម្សាន្តលេងនៅខេត្តសៀមរាបតែងតែចូលមកបន់ស្រន់ អុជធូប សុំសេចក្តីសុខសប្បាយ និងបំណងប្រថា្នផ្សេងៗ ខណៈតាមតំណាលតៗគ្នាថាព្រះអង្គចេក ព្រះអង្គចមគឺជាទេពធីតាដែលជាអតីតព្រះរាជបុត្រី របស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្ថាបនិកសាងប្រាសាទអង្គរវត្ត។
ការណ៍ដែលនាំឱ្យប្រជាពលរដ្ឋមានជំនឿ ចាប់អារម្មណ៍ និងគោរពបូជា ចំពោះព្រះនាងចេក ព្រះអង្គចម គឺដោយសារតែភាពសុច្ចរឹតទៀងត្រង់ទន់ភ្លន់ និងប្រកបដោយក្ដីមេត្តា ករុណាយ៉ាងខ្ពង់ខ្ពស់ ដែលព្រះអង្គទាំងពីរតែងតែអាណិតអាសូរធ្វើបុណ្យដាក់ទាន ដល់អស់ ប្រជានុរាស្រ្តដែលត្រូវការព្រះនាងទាំងពីរជួយ ពិសេសទៅទៀតព្រះនាងទាំងពីរបានអប់រំ អ្នកទោស ទាំងឡាយឱ្យដើរតាមគន្លងទូន្មានរបស់ព្រះពុទ្ធសាសនា និងបានដោះលែង ពួកគេឱ្យមានសេរីភាពថែមទៀត។
ព្រះនាងទាំងពីរគឺជាអ្នកដែលគោរព ប្រតិបត្តិព្រះពុទ្ធសាសនា យ៉ាងខ្ជាប់ខ្ជួនដែលប្រជារាស្រ្តទូទាំងនគរបានដឹងអំពីចរិកលក្ខណៈដ៏ប្រពៃរបស់ ព្រះនាងទាំងពីរ ម្លោះហើយពីមួយជំនាន់ ទៅមួយជំនាន់រហូតដល់រជ្ជកាល ព្រះបាទអង្គចន្ទរាជា ឡើងគ្រងរាជ្យសម្បត្តិនាសតវត្សរ៍ទី១៦ ព្រះអង្គបានអនុញ្ញាតឱ្យគេសាង រូបព្រះនាងចេក ចមសម្រាប់ប្រជារាស្ត្រ ទូទៅគោរពបូជា។
លុះក្រោយមករូបទាំងពីរនេះ បានធ្វើឱ្យប្រជារាស្រ្តរស់នៅប្រកបដោយសេចក្ដីសុខចម្រើនទើបប្រជារាស្រ្ត បានចាត់ទុករូបទាំង២នេះជា ព្រះពុទ្ធរូបដ៏ស័ក្ដិសិទ្ធិ និងមានកិត្តិនាមល្បីរន្ទឺទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះ រូប ទាំងពីរបានក្លាយជាភាពទាក់ទាញសម្រាប់បុគ្គលមានអំណាច និងឈ្មួញទុច្ចរិត ដោយពួកគេចាប់ផ្ដើម រៀបផែនការលួចសម្រាប់ទុកធ្វើជាកម្មសិទ្ធិនិងការលក់ដូរ។
ហេតុនេះហើយបានជារូបព្រះអង្គចេកព្រះអង្គចមបាន បាត់មួយរយៈក្នុងអំឡុងពេល នៃតំបន់អង្គរត្រូវបានគេ បោះបង់ចោល។ ទោះយ៉ាងណាក៏ដោយ រូបសំណាក ទាំងពីរនេះ ត្រូវបានរកឃើញឡើងវិញ ក្នុងឆ្នាំ១៩៥០ នៅក្នុងព្រៃម្ដុំក្រុងអង្គរធំ ដោយក្រុមមន្ត្រីអភិរក្សអង្គរ ខេត្តសៀមរាប ដែលគេជឿថារូបព្រះអង្គចេក ព្រះអង្គចមកាលពីដើមត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្ត។
លុះមកដល់សម័យខ្មែរក្រហមគ្រប់គ្រងនៅឆ្នាំ១៩៧៥-១៩៧៩ រូបសំណាកព្រះអង្គចេក ព្រះអង្គចមក៏ត្រូវក្រុមទាហានខ្មែរក្រហម យកទៅទម្លាក់ចោល ក្នុងស្ទឹងសៀមរាប ស្រុតកប់បាត់ទៅក្នុងភក់បាតស្ទឹង រហូតដល់ខេត្តសៀមរាបត្រូវបានរំដោះនៅឆ្នាំ១៩៧៩។ គេជឿថាក្រុមទាហានខ្មែរក្រហម ដែលនាំគ្នាដឹកយក រូបសំណាកទាំងពីរនេះទៅចោលក្នុងស្ទឹងសៀមរាបបានស្លាប់ដោយសារ បារមីរបស់ព្រះអង្គចេក ព្រះអង្គចមនៅក្រោយពេលមិនយូរប៉ុន្មាន បន្ទាប់ពីយកព្រះពុទ្ធរូបទាំងពីរនេះមកទម្លាក់ចោលក្នុងទឹកស្ទឹង។
ក្រោយមកនៅឆ្នាំ១៩៨២ ព្រះចៅអធិការវត្ដ ដំណាក់រួមជាមួយ នឹងការចូលរួមពីលោកអភិបាល ខេត្តសៀមរាប គឺលោក នៅ សម បាននាំគ្នាកសាង អាស្រមតូចមួយនៅក្បែរ ព្រះរាជដំណាក់ស្ដេច ក្នុងបរិវេណសួនឯករាជ្យ ឬ សួនដំណាក់ស្ដេច ហើយប្រារព្ធពិធី ដង្ហែព្រះពុទ្ធរូបទាំងពីរអង្គ ពីវត្តដំណាក់មកតម្កល់ទុកនៅទីនោះ៕