លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

គ្រឿងញៀនដែលបង្ក្រាបបាននៅខេត្តចំនួន៣ ត្រូវបានអាជ្ញាធរដុតបំផ្លាញចោលក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ គ្រឿងញៀនដែលបង្ក្រាប រឹបអូស ដកហូតបានចំនួន ៣ខេត្តរួមមាន ខេត្តមានបន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរប្រមូលយកដុតចោលនៅក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពអគ្គលេខាធិការង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់អភិបាលរងខេត្តបន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ ព្រះរាជអាជ្ញា-ប្រធានសាលាដំបូងខេត្តទាំង៣ លោក-លោកស្រីមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ សិស្ស និស្សិត យុវជនស្តានីតិសម្បទា បានចូលរួម។

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានណែនាំដល់មន្ត្រីអនុវត្តច្បាប់គ្រប់ប្រភេទនិងគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត និងគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានេះលោកក៏បានណែនាំថា ក៏ត្រូវយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព សិក្សាស្រាវជ្រាវ ដើម្បីឈានទៅវែកមុខ និងបង្ក្រាបឱ្យបាននូវជនដែលជាមេខ្លោង ឬជនដែលជាខ្នងបង្អែកនៃបទល្មើស ក៏ដូចជាឈានទៅបង្ការ និងទប់ស្កាត់ឱ្យបាននូវរាល់អំពើពាក់ព័ន្ធនឹងការសម្អាតប្រាក់ ដែលបានមកពីបទល្មើសគ្រឿងញៀន។

បន្ថែមលើនោះ មន្ត្រីអនុវត្តច្បាប់ក៏ត្រូវចូលរួមអប់រំនិងលើកទឹកចិត្តអ្នកញៀនគ្រឿងញៀន ឱ្យបញ្ឈប់ការប្រើប្រាស់ និងជំរុញឱ្យទៅទទួលការព្យាបាល និងស្តារនីតិសម្បទាឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀស រាល់បញ្ហាធ្ងន់ធ្ងរ ដែលកើតឡើងដោយសារឥទ្ធិពលអាក្រក់នៃគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏ជំរុញឱ្យអាជ្ញាធរនៅមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពលរដ្ឋបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសទិសស្លោក “៣កុំ ១រាយការណ៍" កុំទី១ គឺកុំពាក់ព័ន្ធ មានន័យថា"កុំជួញដូរ កុំចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន"។ កុំទី២ គឺកុំអន្តរាគមន៍ មានន័យថា "កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិឬមិត្តភក្តិក៏ដោយ។ រីឯកុំទី៣ គឺកុំលើកលែងមានន័យថា "កុំបន្ធូរបន្ថយ ការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន"។

យោងតាមរបាយការណ៍របស់អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន វត្ថុតាងគ្រឿងញៀនដែលរឹបអូស ដកហូត ធ្វើការដុតផ្លាញចោល ទាំង៣ខេត្តមាន -ម្សៅក្រាមសថ្លា (ICE) ៣ ០៨៧,២៣ក្រាម, ថ្នាំគ្រាប់ (WY) ៣១៦,០៦ក្រាម ស្មើនឹង ១ ២០៧គ្រាប់, ថ្នាំញៀនប្រភេទចំរុះ (ថ្នាំគ្រវី) ៣៣៧,៨ក្រាម និងកញ្ឆាក្រៀម ៥,៨៦ក្រាម៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក