សហរដ្ឋអាមេរិក៖ តើអ្នកធ្លាប់គិតទេថានៅពេលមានភ្លើងឆេះព្រៃនិងព្យុះសង្ឃរាជួបគ្នាតើវានឹងទៅជាយ៉ាងណា? អ្នកអាចក្រឡេកមើលទីក្រុង Lahaina របស់រដ្ឋហាវ៉ៃដែលពេលនេះស្ទើរតែត្រូវដុតរាបដល់ដីដោយសារគ្រោះមហន្តរាយទាំងពីរនេះជួបគ្នា។
យ៉ាងហោចណាស់មនុស្ស ៣៦នាក់បានស្លាប់ បន្ទាប់ពីភ្លើងឆេះព្រៃ ខណៈទីក្រុងប្រវត្តិសាស្ត្រ Lahaina ក្នុងរដ្ឋហាវ៉ៃបានរងការឆាបឆេះដោយសារមានខ្យល់ព្យុះជួយបក់ពីលើភ្លើង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent របស់ចក្រភពអង់គ្លេស មនុស្សរាប់ពាន់នាក់ត្រូវបានប្រាប់ឱ្យជម្លៀសចេញ ខណៈដែលក្រុមមន្ត្រីបានបញ្ជាក់ពីការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយទៅកាន់ទីក្រុង Lahaina កំពង់ផែ និងតំបន់ជុំវិញនោះ។
ខ្មោចរថយន្តដែលត្រូវឆាបឆេះរាយប៉ាយពេញផ្លូវ មនុស្សពេញវ័យ និងកុមារត្រូវបានបង្ខំឱ្យជ្រមុជទឹកចូលទៅក្នុងមហាសមុទ្រ ដើម្បីស្វែងរកសុវត្ថិភាព ខណៈដែលអណ្តាតភ្លើងបានឆាបឆេះពេញមួយយប់។
អ្នកស្រុក Lahaina លោក Mason Jarvi បាននិយាយថា៖ «យើងទើបតែជួបគ្រោះមហន្តរាយដ៏អាក្រក់បំផុតដែលខ្ញុំធ្លាប់ឃើញ។ ឡាហៃណាទាំងអស់ត្រូវបានដុតឱ្យឆេះ។ វាដូចជាថ្ងៃអវសាន្តនៃផែនដី»។
អ្នកបើកឧទ្ធម្ភាគចក្រ Richard Olsten បានប្រាប់ Hawaii News Now ថា៖ «វាដូចជាតំបន់មួយត្រូវបានទម្លាក់គ្រាប់បែក វាដូចជាតំបន់សង្រ្គាម»៕