ជប៉ុន៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនបានអំពាវនាវពលរដ្ឋខ្មែរដែលរស់នៅតំបន់ Kyushu និងតំបន់ Shikoku បង្កើនការប្រុងប្រយ័ត្នចំពោះព្យុះត្រូពិចខាន់ឈុន (Kharun) ដែលកំពុងតែរំកិលខ្លួនមកកាន់ទិសខាងជើងហើយអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន។
តាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា តាមរយៈឥទិ្ធពលព្យុះនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់នៅផ្នែកខ្លះនៃតំបន់ Kyushu និង Shikoku ហើយនឹងអាចបណ្ដាលឱ្យមានភ្លៀងធ្លាក់នៅផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ ខណៈអាជ្ញាធរបានចេញសេចក្តីព្រមានថានឹងមានការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និងទឹករលកខ្ពស់។
ស្ថានទូតកម្ពុជា បានអំពាវនាវពលរដ្ឋខ្មែររស់នៅតំបន់ខាងលើនេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយត្រូវតាមដាន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ។
ស្ថានទូតបានបញ្ជាក់ថា ក្នុងករណីពលរដ្ឋបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤៕