កណ្តាល៖ កូនផ្សោតញីមួយក្បាលដែលមានអាយុប្រមាណ ២ខែ ប្រវែង ១,០១ម៉ែត្រ ទម្ងន់ ១៤,៤គីឡូក្រាមបានងាប់ដោយសារជាប់មងនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។
ដំណឹងនេះត្រូវបានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឱ្យដឹង ដោយបញ្ជាក់ទៀតថា ចាប់ពីដើមឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន សត្វផ្សោតកើតថ្មីមានចំនួន ៥ក្បាល និងមានស្លាប់ ៣ក្បាល នាំឱ្យចំនួនសត្វផ្សោតសរុបមានចំនួន ៩២ក្បាលដែលរស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់ គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។
រដ្ឋបាលជលផលបានប្រាប់ឱ្យដឹងថា នៅរដូវទឹកដ៏ឡើង សត្វផ្សោតតែងតែបន្លាស់ទីចេញពីអន្លង់ដើម្បីតាមហ្វូងត្រីដែលជាចំណី។ តាមការស្រាវជ្រាវលក្ខណៈជីវសាស្ត្រ កូនផ្សោតរស់នៅជាមួយមេ និងបៅដោះរយៈពេលប្រមាណ ១ឆ្នាំ។ ហេតុដូច្នេះ កូនផ្សោតដែលប្រទះឃើញស្លាប់នេះ ទំនងជាបានផ្លាស់ទីតាមមេរបស់វា ឬជាមួយផ្សោតផ្សេងទៀត ពីទន្លេមេគង្គលើ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងស្ទឹងត្រែង មកដល់ខេត្តកណ្តាល ហើយត្រូវជាប់មងស្លាប់។
រដ្ឋបាលជលផលអំពាវនាវដល់អ្នកនេសាទនៅតាមដងទន្លេមេត្តាជួយឃ្លាំមើល និងចូលរួមថែរក្សាការពារសត្វផ្សោត ដែលជារតនៈសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់កម្ពុជានិងពិភពលោក។
បើតាមរដ្ឋបាលជលផល ក្នុងករណីដែលប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទតាមដងទន្លេ ប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច ហើយប្រសិនបើមានសត្វផ្សោតជាប់មង ត្រូវជួយអន្តរាគមន៍ដោះលែងជាបន្ទាន់ និងផ្ដល់ព័ត៌មានដល់មន្តី្រជំនាញជលផលដែលនៅជិត ឬតាមទូរស័ព្ទ ០១៧ ៨១៨ ៣៨២, ០៩៩ ៧៩១ ៩១៩ និង ០១២ ៨៩៧ ៩៤៣៕