លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

«វត្តសំរោងក្នុង» ជាគោលដៅទេសចរណ៍សាសនា និងប្រវត្តិសាស្ត្រខេត្តបាត់ដំបង

បាត់ដំបង៖ វត្តសំរោងក្នុង ដែលជាទីដ៍ទាក់ទាញ សម្រាប់ទេសចរបែបសាសនា និងប្រវត្តិសាស្រ្ត ពិសេសភ្ញៀវទេសចរអន្តរជាតិ ដោយសារវត្តនេះមានអាយុកាលចាស់ជាងគេក្នុងខេត្តបាត់ដំបង ដែលកកើតតាំងពីឆ្នាំ ១៧០៧ មកម្លេះ និងមានព្រះវិហារចាស់មួយ ដែលមានលក្ខណៈខុសប្លែក ពីព្រះវិហារវត្តដទៃទៀត និងមានអាយុកាលប្រមាណជា ១៣៣ ឆ្នាំគិតត្រឹមឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតក្នុង ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំខេត្តបាត់ដំបង.

លក្ខណៈពិសេសក្នុង «វត្តសំរោងក្នុង» ជាទីវត្តបុរាណកកើតតាំងពីមុនសម័យលោកម្ចាស់មកម្លេះ ក្នុងបរិវេណអារាមទាំងមូល មានសំណង់សក្តានុពលទាក់ទាញទេសចរជាច្រើនដូចជា៖ ព្រះវិហារចាស់(គុកសម័យខ្មែរក្រហម) ព្រះវិហារថ្មី ប្រាសាទឥដ្ឋ ក្បាច់របងព្រះវិហារ ក្លោងទ្វាព្រះវិហាររូបប្រាសាទអង្គរវត្ត សាលាឆាន់ សាលាធម្មសភា ចេតិយ ក្លោងទ្វារ របបវត្ត សួនផ្កា ដើមឈើតូច ធំចម្រុះ ចម្លាក់ពុទ្ធបដិមា ចម្លាក់រូបហនុមាន អគារសួរចម្លើយសម័យខ្មែរក្រហម សារមន្ទីរទារុណកម្មសម័យខ្មែរក្រហម និងបូជនីយដ្ឋានជាតិ។

ជាមួយគ្នានេះ ព្រះវិហារបុរាណ វត្តសំរោងក្នុង ជាព្រះវិហារបុរាណដែលចំណាស់ជាងគេក្នុងខេត្តបាត់ដំបងសព្វថ្ងៃ ។ ព្រះវិហារនេះរាងទាប ដំបូលរចនាបថបាត់ដំបង ខណ:ស្លាបដំបូលមានសភាពដាប ។ នៅទិសខាងកើតនិងខាងលិច មានសសរ៧ដើម មានទ្វារចូល២ រីឯទិសខាងជើងនិងត្បូង មានសសរ៨ មានតែបង្អួចទាំងអស់ ។ ក្នុងព្រះវិហារមាន ព្រះអង្គជីវ៍ សាងឡើងក្នុង ព.ស. ២៤៥៥ គ.ស. ១៩១២ ចូលរួមពីជាងជំនាញៗរួមមាន ព្រះមុនិវិសុទ្ធវង្ស ទៀង ជាងទេព ជាងឡាច និងជាងឈុត ។

ក្រៅពីសសរឈើ៨ជ្រុងបិទសន្លឹកមាស លក្ខណ:ចំបងនិងពិសេសរបស់ព្រះវិហារនេះដែលមានសូវមានអ្នកចាប់អារម្មណ៍នោះគឺ សសរល្វែងគ្រឹះទាំងពីរជួរ ទ្រេតងាករកគ្នាទៅខាងលើ ទៅទល់នឹងពិដានដែលមិនហប់ខ្យល់អាចឲ្យខ្យល់ចេញចូលតាមស្លាបព្រិលដោយងាយ ។

យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅបរិវេណវត្តនេះត្រូវបានគេចាត់ទុកថា ជាវាលពិឃាតខេត្តបាត់ដំបង ដោយសារទីតាំងព្រះវិហារចាស់ ត្រូវបានគេយកធ្វើជាគុក អគារសារៈមន្ទីរវត្តសំរោងក្នុង ត្រូវបានប្រើប្រាស់ជាកន្លែងសួរចម្លើយ និងអគារមួយចំនួនទៀត ត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅ និងផ្ទុកសំភារៈរបស់ពួកខ្មែរក្រហម។

នៅជាប់របងវត្តភាគខាងលិច ទេសចរនិងឃើញស្តូបមួយ ដែលមានឈ្មោះជាភាសាអង់គ្លេសថា (The Well of Shadows) មានន័យថា (អណ្តូងនៃស្រមោលអតីតកាល) ដែលធ្វើឡើងពីស៊ីម៉ង់ប្រក់ក្បឿង មានបរិវេណប្រមាណ ២០ ម៉ែត្រការ៉េ មានចម្លាក់នៅលើជញ្ជាំង ពិពណ៌នាអំពីការជម្លៀសប្រជាជនចេញពីទីក្រុង អោយទៅធ្វើការនៅជនបទ និង ការធ្វើទារុណកម្មរបស់ពួកខ្មែរក្រហមផងដែរ។

យោងតាមមជ្ឍមណ្ឌលឯកសារកម្ពុជា បានអោយដឹងថា ប្រជាជនស្លូតត្រង់ជាច្រើនត្រូវ បានពួកខ្មែរក្រហមសម្លាប់ និងទម្លាក់ក្នុងរណ្តៅ នៅចន្លោះឆ្នាំ ១៩៧៥ -១៩៧៩ លលាដ៍ក្បាល និងអដ្ឋិធាតុប្រមាណ ១០០៨ នាក់ ត្រូវបានគេជីកកកាយពីរណ្តៅ ហើយប្រមូលទុកក្នុងស្តូប សម្រាប់រំលឹកដល់មហាសោកនាដកម្មដ៍ឈឺ ចាប់ និងខ្លោចផ្សាបំផុត របស់ប្រជាជនខ្មែរ ឲ្យស្អប់ខ្ពើមសង្រ្គាម និងឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតនា សម័យនោះ ។

ក្រោយសម័យខ្មែរក្រហមដួលរលំ វត្តសំរោងក្នុងត្រូវបានរំដោះ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ១៩៧៩ ។ ក្រោយពេលរបបខ្មែរក្រហមដួលរលំ មានរណ្តៅសាកសពសរុបចំនួន ១០០ រណ្តៅ នៅជុំវិញបរិវេណបូជនីយដ្ឋានសព្វថ្ងៃ។ ហេតុនេះ ទើបទីតាំងបរិវេណវត្តនេះ ត្រូវបានអោយឈ្មោះថាជាវាលពិឃាតខេត្តបាត់ដំបងនោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក