សាលាបឋមសិក្សាមួយនៅខេត្តព្រៃវែងជំរុញការលក់នំចំណីខ្មែរដើម្បីជួយការពារសុខភាពសិស្សនិងផ្ដល់ចំណូលដល់សហគមន៍
ព្រៃវែង៖ ជាទូទៅនៅតាមសាលារៀននីមួយៗតែងតែមានលក់នំណីដែលវេចខ្ចប់ផ្សេងៗដែលរក្សាទុកបានយូរ ដោយនំចំណីខ្លះក៏មានផលប៉ះពាល់ដល់កុមារដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ហាមឃាត់មិនឱ្យលក់នៅតាមសាលារៀន។ សាលារៀនបានអនុវត្តតាមបំរាមដែលក្រសួងណែនាំ ហើយសាលាខ្លះថែមទាំងបានធ្វើជាគម្រូភាពដល់សាលាដទៃទៀតផងដែរ។
ជាក់ស្តែងសង្កេតឃើញថាសាលាបឋមសិក្សាព្រៃស្នៀតស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង បានអនុញ្ញាតឱ្យអ្នកលក់ដូរក្នុងសាសារៀនលក់តែនំចំណីប្រភេទខ្មែរ ដែលមិនអាចរក្សាទុកក្នុងរយៈពេលយូរសម្រាប់ឱ្យសិស្សានុសិស្សទិញហូបតែប៉ុណ្ណោះ។ ការធ្វើបែបនេះខាងសាលាគឺចង់គិតគូរដល់សុខភាពសិស្ស។
នាយកសាលាបឋមសិក្សាព្រៃស្នៀត លោក យី សុថុន បានបញ្ជាក់ប្រាប់ EAC ឱ្យដឹងថា សាលាសម្រេចឱ្យមានលក់តែនំខ្មែរបែបនេះនឹងធ្វើឱ្យកុមារមានសុខភាពល្អប្រសើរមិនប៉ះពាល់ដល់ការសិក្សារបស់កុមារឡើយ។ លើសពីនេះ ក៏ជួយជំរុញឱ្យពលរដ្ឋក្នុងសហគមន៍អាចរកចំណូលតាមរយៈធ្វើនំខ្មែរលក់ឱ្យសិស្សសាលា។
លោកគ្រូ យី សុថុន បានបញ្ជាក់ថា ការជំរុញឱ្យលក់នំចំណីធម្មជាតិនេះគឺសាលាមិនអនុញ្ញាតឱ្យមានការវេចខ្ចប់ដោយថង់បា្លស្ទិកនោះទេ ពោលគឺច្រកដោយស្លឹកចេក ឬស្លឹកឈូក ជាដើម។
ប្រភេទនំទាំងនោះមានដូចជា នំគម នំអន្សមចេក អន្សមជ្រូក អន្សមផ្អែម នំត្នោត នំពុំ នំកង នំក្រូច នំល្ពៅ នំអាកោ នំបាយព្រាប ពោតកំបោរ ចេកចៀន នំច័ក្កច័ន ដំឡូងចៀន នំកង នំក្រក់ នំបញ្ចុក បាញ់ឆែវ លត នំកូរខ្មែរ បាញ់ឌុក បាញ់ជនឿក នំអ៊ី នំផ្លែអាយ នំដណ្តប់ភួយ នំពពាយ នំបុ័ងសាច់តែមិនដាក់ប្រហិត ប៉ាតេ និងហតដក ចេកអាំង ដំឡូងអាំង ដំឡូងឆឹង ចេកឆឹង ចេកឆាប នំសារាយកែវ នំកន្តំ នំលម្អងចេក បបរសណ្តែក បបរសាដូវ បបរពោត បបរល្ពៅ បបរត្រាវ ចេកខ្ទិះ ជាដើម។
ចំណែកភេសជ្ជៈ សាលាអនុញ្ញាតឱ្យលក់តែទឹកអំពៅតែប៉ុណ្ណោះ ខណៈសាលាបានដំឡើងប្រព័ន្ធទឹកស្អាត និងប្រព័ន្ធចមុ្រះទឹកដែលអាចឱ្យកុមារមកច្រក និងពិសារដោយមិនមានការបង់ថ្លៃឡើយ។
លោកបានថ្លែងថា៖ «ការធ្វើបែបនេះ គឺធ្វើឱ្យកុមារមិនសូវមានជំងឺទេ ហើយពួកគេចំណាយលុយតិច តែគាត់ញាំបានឆ្អែតដោយសារកុមារយើងមិនមែនមកពីគ្រួសារដែលមានជីវភាពធូរធារទាំងអស់នោះទេ ខ្លះមិនសូវសម្បូរលុយកាក់ទេ តែគាត់មានតែ៥០០រៀលឬ១០០០រៀលមកគឺគាត់អាចញុំានំបានឆ្អែត កាលណាឆ្អែតហើយធ្វើឱ្យគាត់រៀនដល់ម៉ោង គាត់មានសុខភាពល្អ ការសិក្សាក៏វាល្អទៅតាមហ្នឹង ការសិក្សាល្អ គឺឱ្យគាត់មករៀនបានទាន់ពេលវេលា»។
នាយកសាលាបឋមសិក្សាព្រៃស្នៀត បានប្រាប់ថា ផែនការនេះខាងសាលាធ្លាប់បានអនុវត្តយូរមកហើយប៉ុន្តែមិនមានប្រសិទ្ធភាព ទើបសាលាចាប់ផ្តើមអនុវត្តផែនការនេះជាថ្មីដើម្បីសុខភាពកុមារខណៈមានឪពុកម្តាយអាណាព្យាបាលសិស្សភាគច្រើនបង្ហាញការគាំទ្រអ្វីដែលសាលាធ្វើនៅពេលនេះ។
លោកនិយាយថា៖ «យើងត្រូវតែសម្រេចចិត្តយកផែនការមួយឱ្យបានច្បាស់លាស់ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ពីព្រោះអ្វីដែលយើងធ្វើទាំងអស់នេះគឺដើម្បីសុខភាពកុមាររបស់យើង។ អ៊ីចឹងយើងបានឯកភាពដាច់ញ្ញតិការងារនេះឱ្យបានសម្រេចជាស្ថាពរ»៕