ព្រះវិហារ៖ រយៈពេលមួយខែពេញនៃខែកក្កដា រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរទទួលបានភ្ញៀវទេសចរសរុបជិត ១ម៉ឹននាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពី ស្ថិតិភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និង រមណីយដ្ឋានប្រាសាទកោះកេរប្រចាំខែកក្កដា ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិព្រះវិហារ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ៥ ៨០១នាក់។ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៥ ៣២៣នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ៤៧៨នាក់។
របាយការណ៍ស្ថិតិដដែលឱ្យដឹងថា ចំពោះរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាតិ សរុបចំនួន ៤ ១៥៨នាក់។
ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំជួសជុលវង់ទស្សនាចម្ងាយ ៨ ២០០ម៉ែត្រ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរចូលមើលប្រាសាទនានា និងគយគន់ទេសភាពធម្មជាតិក្នុងរមណីយដ្ឋាននេះដោយក្តីរីករាយ។
គួរឱ្យដឹងដែរថា ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
រីឯប្រាសាទកោះកេរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទកោះកេរ បាបកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ក្នុងសតវត្សទី ១០ (៩២៨-៩៤២) ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន ៧ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ៕







