សៀមរាប៖ ការរៀបចំសណ្តាប់ធ្នាប់ អនាម័យនៅផ្សារលើធំថ្មី ដែលកំពុងលក់បណ្តោះអាសន្ននៅមុខផ្សារផាមកុងទីន័រ ផ្លូវ៦០ម៉ែត្រ ត្រូវបានរៀបចំឡើងដោយអនុវត្តគម្លាតសុវត្ថិភាព អនាម័យ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ តែបងប្អូនមួយចំនួនទៀតមិនទាន់យល់ច្បាស់ពីបញ្ហាកូវីដ-១៩នៅឡើយ ។ នេះជាការឱ្យដឹងពីអភិបាលខេត្តសៀមរាប លោក ទៀ សីហា នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែសីហានេះតាមរយៈទំព័រហ្វេសបុករបស់លោក។
លោក ទៀ សីហា បានបន្ថែមថាដោយសារកត្តាអាកាសធាតុ (ក្តៅ ភ្លៀង) និងដើម្បីពង្រឹងវិធានការកាពារកូវីដ-១៩ សណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយជូនបងប្អូនអាជីករ រដ្ឋបាលក្រុង បាននិងកំពុងរៀបចំកន្លែងថ្មីបណ្តោះអាសន្ន ដែលមានទីតាំងនៅលើផ្លូវបេតុងមុខផ្សារផាមកុងទីន័រ។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត អនុវត្តតាមវិធានការ ៣ការពារ ៣កុំ ពាក់ម៉ាស់ឲ្យជាប់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ថាល់ពេលប៉ះជាមួយសម្ភារផ្សេង ដើម្បីជៀសឆ្ងាយពីជំងឺកូនវីដ-១៩ ប្រភេទ Delta ដ៏កាចសាហាវ៕