កំពត៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកែប្រែឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ពីផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
រាជរដ្ឋាភិបាលពង្រីកផ្ទៃដីទំហំឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ចំនួន ១ ៦៥៨ហិកតាបន្ថែមនេះដោយបូកបន្ថែមនឹងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ហើយមួយផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញដែលមានទំហំសរុបចំនួន ១ ៦៥៨ហិកតា។
អនុក្រឹត្យនេះធ្វើឡើង ក្នុងគោលបំណងធានាថែរក្សា ការពារសោភ័ណភាពធម្មជាតិ ទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះសម្រាប់វិទ្យាសាស្ត្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត ជាពិសេសជំរុញសហគមន៍ និងសាធារណជនចូលរួមចំណែដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
ក្នុងអនុក្រឹត្យបញ្ជាក់ថា ក្រសួងបរិស្ថាមានសមត្ថកិច្ចរៀបចំកែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្តកំពត រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕