សិស្សសាលាហ្គោលឌិនហ្គេតអាមេរិកាំងទទួលបានមេដាយជិត២០ ពីការប្រកួត UK Teeneagle ក្នុងចក្រភពអង់គ្លេស
ភ្នំពេញ៖ សិស្សឆ្នើម ៨នាក់របស់សាលាហ្គោលឌិនហ្គេតអាមេរិកកាំងបានទទួលបានពាន រួមជាមួយមេដាយមាស ប្រាក់ និងសំរិទ្ធសរុបចំនួន១៦ ក្នុងការប្រកួត UK Teeneagle កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅចក្រភពអង់គ្លេស។
នាយករង និងសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាហ្គោលឌិនហ្គេតអាមេរិកកាំង លោក លី ឌីយ៉ាម៉ង់ មានមោទនភាពចំពោះសិស្សានុសិ្សដែលបានចូលរួមកម្មវិធី UK Teeneagle នៅចក្រភពអង់គ្លេស ខណៈនេះជាលើកទី២ ហើយដែលសាលាបានដឹកនាំសិស្សទៅចូលរួមប្រកួតដោយទទួលបានលទ្ធផលល្អប្រសើរខ្លាំង។
លោក លី ឌីយ៉ាម៉ង់ ថ្លែងថា៖ «ចំពោះកម្មវិធី Teeneagle នេះជាលើកទី២ ដែលយើងបានដឹកនាំសិស្សសាលា American Golden Gate ទៅប្រកួតនៅទីក្រុងឡុងដ៍។ លើកទី១យើងមានសិស្សទៅចូលរួមនិងទទួលបានលទ្ធផលជាច្រើន មេដាយជាច្រើន។ ចំពោះលើកទី២នេះដែលមានសិស្សទៅចូលរួមចំនួន ៨នាក់ ដោយទទួលបានមេដាយមាសចំនួន ១៦មេដាយ និងពាន១»។
សិស្សឆ្នើម យ៉ាំ សាគររា ឱ្យដឹងថា ក្នុងអំឡុងពេលប្រកួតសមានក្តីរំភើប ខណៈនេះជាលើកទីមួយដែលបានចូលរួមក្នុងកម្មវិធី Teeneagle និងបានស្គាល់មិត្តថ្មីៗជាច្រើន។
ថា៖ «ក្នុងអំឡុងពេលប្រកួតនេះ ខ្ញុំបានជួបមិត្តភក្តិព័ត៌មានជាច្រើន និងខ្ញុំពិតជារំភើបខ្លាំងណាស់។ នៅទីបញ្ចប់ ខ្ញុំពិតជាខកចិត្តនឹងពិន្ទុរបស់ខ្ញុំ ប៉ុន្តែវាពិតជាអស្ចារ្យ ដោយខ្ញុំទទួលបានមេដាយកិត្តិយស ទោះខ្ញុំបានជាប់ពិតមែន តែខ្ញុំនៅធ្វើមិនទាន់បានល្អគ្រប់គ្រាន់»។
ពិសិដ្ឋ សុខៈវិមាន និង លឹម វឌ្ឍនវិជ្ជា ទាំងពីររូបក៏បានចូលរួមប្រកួតកម្មវិធី Teeneagle ដែរនោះ បានឱ្យដឹងថាខ្លួនមានការបារម្ភ និងភ័យខ្លះដែលអំឡុងពេលប្រកួត ប៉ុន្តែក្រោយចេញលទ្ធផលនិងទទួលបានមេដាយពួកគេក៏មានក្តីសប្បាយរំភើបវិញ។
វិមានបានឱ្យដឹងថា៖ «ដំបូងឡើយខ្ញុំភ័យណាស់ ប៉ុន្តែចុងក្រោយខ្ញុំមានក្តីរំភើប ដោយខ្ញុំបានបង្កើតមិត្តភ័ក្តិជាច្រើន នេះពិតជាសប្បាយណាស់ ហើយខ្ញុំទទួលបានមេដាយសំរឹទ្ធ និងមេដាយកិត្តិយស។ នេះជាលើកដំបូងរបស់ខ្ញុំដែលចូលរួមប្រកួតនៅចក្រភពអង់គ្លេស»។
ជាមួយគ្នានេះ សិស្សនៃសាលាហ្គោលឌេនហ្គេតអាមេរិកាំង ឃុន វររាជ បានដែលបានទទួលមេដាយសំរិទ្ធិពីរ បានបញ្ជាក់ថាក្រៅតែពីឱកាសនៃការប្រកួតប្រជែង រាជ ក៏បានទទួលការស្វែងយល់ពីរបៀបរបប និងការរស់នៅរបស់ប្រជាជាននៃទីក្រុងឡុងដ៍ ថាមានភាពខុសគ្នាយ៉ាងដូចម្តេចខ្លះពីកម្ពុជា។
សិស្សមួយរូបទៀត យ៉ាំ សិទ្ធិស័ក្តិ បានឱ្យដឹងថា៖ «ពីដំបូងខ្ញុំមានអារម្មណ៍ភ័យខ្លាចថាខ្ញុំអាចបរាជ័យ ប៉ុន្តែលទ្ធផលចេញមក ឃើញថាខ្ញុំពិតជាឈ្នះបានមេដាយសំរឹទ្ធ២ ដូច្នេះខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលខ្ញុំបានឈ្នះ។ នេះជាលើកទីមួយហើយដែលខ្ញុំបានចូលរួមក្នុងការប្រកួតនេះ មេដាយដំបូងរបស់ខ្ញុំគឺសំរិទ្ធ»។
មិនខុសពីសិស្សឆ្នើមខាងលើ លឹម ម៉ូនីគុជ បានលើកឡើងថាគុជភ័យអំឡុងពេលប្រកួតខ្លាចថាអាចនឹងបរាជ័យ ប៉ុន្តែចុងក្រោយបានជោគជ័យទទួលបានមេដាយកិត្តិយស និងមេដាយប្រាក់ ខណៈនេះជាលើកទីមួយហើយដែលធ្វើការប្រឡងប្រជែងបែបនេះ។
លោក លី ឌីយ៉ាម៉ង់ បានឱ្យដឹងថា សាលាហ្គោលឌិនហ្គេតអាមេរិកាំងតែងតែចុះឈ្មោះឱ្យសិស្សទៅចូលរួមការប្រកួតកម្មវិធីជាច្រើនជុំវិញពិភពលោក ដើម្បីឱ្យសិស្សានុសិស្សនៃសាលាហ្គោលឌិនហ្គេតអាមេរិកាំង មានឱកាសក្នុងការបញ្ចេញសមត្ថភាពលើឆាកអន្តជាតិក៏ដូចជាបង្កើននូវចំនេះដឹងផ្នែកជាសកល និងមានភាពក្លាហាននឹងចូលរួមជាមួយបណ្តាសិស្សានុសិស្សជុំវិញពិភពលោក។
សាលាអាមេរិកាំងហ្កោលឌិនហ្គេតត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងបានវិវត្តន៍ខ្លួនជាសាលាចំណេះដឹងទូទៅនៅឆ្នាំ២០០៩ ដោយប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិមកបណ្ដុះបណ្ដាលដល់សិស្សកម្ពុជា។ ជានិច្ចកាលសាលាតែបានបញ្ជូនសិស្សទៅប្រកួតនៅក្នុងការប្រកួតអន្តរជាតិជាបន្តបន្ទាប់គិតពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះសាលាបានដឹកនាំសិស្សានុសិស្សចំនួន ២៣១នាក់ទៅប្រកួតក្នុងកម្មវិធីទាំងនោះរួមមាន Pange Math Olympiad, TeenEagle, Corpernicus Oylmpiad និង World Scholar’s Cup៕