ពិភពលោក៖ នៅថ្ងៃសៅរ៍ ទី០៧ ខែសីហាចុងសប្តាហ៍នេះ មាននូវការប្រកួតបាល់ទាត់ដ៏ជក់ចិត្តចំនួន២ព្រឹត្តិការណ៍ធំ ដែលនឹងស្វែងរកឃើញជើងឯក ពោលគឺការប្រកួតវិញ្ញសារបាល់ទាត់បុរស ព្រឹត្តិការណ៍អូឡាំពិកតូក្យូ ប្រទេសជប៉ុន ក៏ដូចជាការប្រកួតដណ្តើមជើងឯក FA Community Shield ក្នុងប្រទេសអង់គ្លេស។
នាវេលាម៉ោង ៦:៣០នាទីល្ងាចនេះ ការប្រកួតបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រស្វែងរកមេដាយមាស រវាងក្រុមការពារមេដាយមាស ប្រេស៊ីល ជួបជាមួយអេស្ប៉ាញ។ ប្រេស៊ីល ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រោយទម្លាក់ក្រុមម៉ិកស៊ិក នៅក្នុងវគ្គបាល់ ១១ ម៉ែត្រកាត់សេចក្តី ក្រោយការប្រកួត ១២០នាទីស្មើគ្នា ០-០។ ដោយឡែក អេស្ប៉ាញឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រក្រោយទម្លាក់ក្រុមម្ចាស់ផ្ទះជប៉ុន លទ្ធផល ១-០ នៅក្នុងម៉ោងបន្ថែម ១៥នាទី ២ដង។ គួរបញ្ជាក់ថា មេដាយសំរិទ្ធលើវិញ្ញសារបាល់ទាត់បានទៅលើប្រទេសម៉ិកស៊ិក ក្រោយយកឈ្នះជប៉ុន ៣-១ កាលពីម្សិលមិញនេះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រវិញ្ញសារបាល់ទាត់បុរស នឹងធ្វើឡើងនៅកីឡដ្ឋាន Yokohama។
ងាកមកការប្រកួតដ៏ពិសេសមួយគូទៀតយប់នេះ គឺជាការប្រកួតពានបើករដូវកាលលីគអង់គ្លេស FA Community Shield។ ការប្រកួតនេះគឺជាការជួបគ្នារវាងក្រុមម្ចាស់ជើងឯកលីគកំពូល English Premier League, Manchester City ជួបជាមួយម្ចាស់ជើងឯក FA Cup, Leicester City។ ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ១១:១៥នាទីយប់នេះ នៅកីឡដ្ឋានជាតិ Wembley។ Manchester City ធ្លាប់ឈ្នះពាននេះចំនួន៦ដង ខណៈការឈ្នះពាននេះចុងក្រោយនៅឆ្នាំ២០២០ ដោយឡែក Leicester City វិញ ធ្លាប់ឈ្នះពាននេះម្តងគត់តាំងពីឆ្នាំ១៩៧២។
ក្រៅពីការប្រកួតដ៏ពិសេសទាំងពីរខាងលើនេះ លីគកំពូលបារាំងក៏ចាប់ផ្តើមការប្រកួតរបស់ខ្លួនដែរ ពោលគឺនៅម៉ោង ១០យប់នេះ Lyon នឹងត្រូវទទួលស្វាគមន៍ Brest ខណៈក្រុមខ្លាំង PSG នឹងធ្វើដំណើរទៅទឹកដី Troyes នាវេលាម៉ោង ២ទាបភ្លឺ៕